ខេត្តកណ្តាល ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុន Metfone ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះផឹកស្រាស្រវឹង ហើយបានសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម ក៏មានការប្រតាយប្រតប់គ្នាឈានដល់ជនសង្ស័យជាប្តី យកកាំបិតប៉័ងតោកាប់ប្រពន្ធចំបាតដៃខាងឆ្វេងបណ្តាលឱ្យរងរបួសជាទម្ងន់ ។
អំពើហឹង្សានេះ បានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។
លោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅបានអោយដឹងថា ជនរងគ្រោះឈ្មោះ សុខ ចាន់ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា គ្រូទាយ ។ ចំណែកជនសង្ស័យមានឈ្មោះ ស៊ីថា ពេជ្រ អាយុ៣២ឆ្នាំ មានទីលំនៅស្នាក់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ
ខេត្តកណ្តាលមុខរបរ សន្តិសុខក្រុហ៊ុនមិត្តហ្វូន(ឃាត់ខ្លួន)។
លោកអធិការបានបន្តរទៀតថា នៅវេលាកេីតហេតុខាងលេី គ្រាដែលជនរងគ្រោះជាប្រពន្ធកំពុងតែដេកនៅក្នុងបន្ទប់ជាមួយកូនតូច ជនល្មើសជាប្តីបានដេីរចូលមកក្នុងសភាពស្រវឹងស្រា ហើយបានសុំប្រពន្ធរួមភេទជាមួយ តែប្រពន្ធមិនព្រម ព្រោះអត់ស្រួលខ្លួនអស់កម្លាំង ។ ភ្លាមនោះជនសង្ស័យ ក៏បានច្រឡោតខឹង ហើយស្ទុះទៅយកវែកឆាវាយប្រពន្ធខ្លួនត្រូវចំចិញ្ចើមខាងឆ្វេងបណ្តាលបែកហូរឈាម ក្រោយមកជនល្មើស ក៏បានរករឿងជាមូយជនរងគ្រោះម្តងទៀត ហើយក៏មានការប្រតាយប្រតប់គ្នា ពេនោះជនសង្ស័យបានទាញកាំបិតប៉័ងតោកាប់ប្រពន្ធរបស់ខ្លួន បណ្តាលឱ្យត្រូវចំបាតដៃខាងឆ្វេងរងរបួសរយៈហូរឈាម ។
បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចក្រុងតាខ្មៅ បានចុះជួយអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនល្មើស រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕