ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅ ព្រឹកនេះថា ភាគីចិនមានគម្រោងចង់បង្កើតសាកលវិទ្យាល័យធំមួយនៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ អំពីស្ថានភាពនៃគោលនយោបាយ និងសម្រាប់ការអប់រំបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមាន ក្រោយជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកដោយលោកស្រីសាស្រាចារ្យ លៀន ជី (LIAN Jie) លេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិន នៃសាកល វិទ្យាល័យពហុបច្ចេកទេស ធានជីង (Tianjin Polyteehmic University) នៃសាធារណរដ្ឋប្រជាមានិតចិន នៅ ព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានបញ្ជាក់ថា ជំនួបនាពេលនេះភាគីចិន ដើម្បសិក្សាស្វែងយល់អំពីតម្រូវការលើការបណ្តុះបណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការជាមួយ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ក្នុងការបង្កើតសាលកវិទ្យាល័យពហុបច្ចេកទេសកម្ពុជា-ចិន។
លោករដ្ឋមន្ត្រីឲ្យដឹងទៀតថា ភាគីចិនពិតជាមានការចាប់ អារម្មណ៍ខ្លាំងជាមួយកំណើនសេដ្ឋកិច្ច និងតម្រូវការធនធានមនុស្សនៅកម្ពុជា ជាពិសេសភាពជាដៃគូនៃប្រទេសទាំងពីរក្នុងវិស័យនេះ ហើយ ក៏ស្របទៅនឹងយុទ្ធសាស្ត្រ ផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់ចិនផងដែរ។ ជាមួយនឹងគម្រោងខាងលើ ឯកត្តមបាន ថា ភាគីចិននឹងចាប់ដៃគូសហការជាមួយ លោកឧកញ៉ា ពុង ឃាវសែ ម្ចាស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដើម្បីបង្កើតសាលានេះស្ថិតនៅតំបន់ជ្រោយចង្វារ រាជធានី ភ្នំពេញ។
លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា សាលានេះនឹងរួមភាគទានសំខាន់នៅក្នុងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ដែលសាលាមួយនេះ ជាសាកលវិទ្យាល័យពហុបច្ចេកវិទ្យាដែលបណ្តុះបណ្តាល ទៅកម្រិតជាន់ខ្ពស់ តាំងពីកម្រិតបណ្ឌិត អនុបណ្ឌិត រហូតដល់វិជ្ជាជីវៈ (សញ្ញាបត្រជាន់ខ្ពស់ ដល់វិញ្ញាបនបត្រ) ដែលមានប្រើប្រាស់ជាភាសាខ្មែរ ចិន និងភាសាដទៃផ្សេងទៀត។
ទាក់ទងគម្រោងនេះដែរ ភាគីចិន នឹងជំរុញ ឲ្យសម្រេចបានជោគជ័យនាពេលឆាប់ៗខាងមុខ ខណៈដែលខួបលើកទី៦៥ នៃទំនាក់ទំនង រវាងកម្ពុជានិង ចិននឹងឈានមកដល់នាពេលខាងមុខនេះ៕