ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រឹកថ្ងៃទី៥ ខែមិថុនានេះ បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត មន្ត្រីជាន់ខ្ពស់សិស្សមន្ត្រីក្រមការ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៧ ចំនួន៥៦៧នាក់ និងពិធីបើកវគ្គបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ វគ្គវិក្រឹត្យការកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យមឆ្នាំ២០១៨ ចំនួន៤៦១នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានឲ្យដឹងថា ការបណ្ដុះបណ្ដាលដំបូងសម្រាប់វគ្គសិស្សមន្ត្រីជាន់ខ្ពស់និងសិស្សមន្ត្រីក្រមការត្រូវបានធ្វើការជ្រើសរើសតាមរយៈការប្រឡងប្រជែងយ៉ាងសម្រិតសម្រាំង ។
ចំពោះមុខសេចក្ដីត្រូវការកាន់តែខ្ពស់នូវធនធានមនុស្សប្រកបដោយគុណភាព ការរីកចំរើននៃបច្ចេកវិទ្យាបរិក្ខារនៃការប្រកួតប្រជែងក្នុងតំបន់ និងសេចក្ដីត្រូវការនៃការកសាងរដ្ឋបាលទំនើបដ៏រឹងមាំនិងមានប្រសិទ្ធភាពដើម្បីផ្ដល់សេវាដល់ប្រជាពលរដ្ឋកាន់តែប្រសើរ សាលាភូមិន្ទរដ្ឋបាល បានខិតខំដោយមិនសំចៃកម្លាំងកាយចិត្តក្នុងការអភិវឌ្ឍខ្លួនជាលំដាប់។សាលាភូមិន្ទរដ្ឋបាលនឹងអភិវឌ្ឍន៍ខ្លួនឈរលើបាវចនា” វិន័យ គុណភាព គុណធម៌ នវានុវត្ត” ឱ្យនៅតែជាគ្រឹះស្ថានបណ្ដុះបណ្ដាលសាធារណៈ ឈានមុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានសមត្ថភាពកាន់តែខ្ពស់ ក្នុងសហគមន៍អាស៊ាន ព្រមទាំងសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួន ក្នុងការបណ្ដុះបណ្ដាលមន្ត្រីឲ្យបានចំនួន២ម៉ឺននាក់ក្នុងមួយឆ្នាំនៅឆ្នាំ ២០២៣។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ ថា កំណែទម្រង់មុខងារសាធារណៈបានដើរតួនាទីយ៉ាងសំខាន់មួយ ដែលសម្តេ ចធ្លាប់ទទួលនូវការឈឺចាប់ដោយសារការជឿទុកចិត្តជ្រុលហួសចំពោះអ្នកដែល មានសញ្ញាបត្រខ្ពស់ក្នុងកំណែទម្រង់។ ប៉ុន្តែសម្តេចក៍បានបង្ហាញមោទនភាព ក្រោយកំណែទម្រង់មុខងារសាធារណៈទទួលបានជោគជ័យធំ ជោគជ័យតាម រយៈក្នុងការបង្កើតឲ្យមានក្រសួងមុខងារសាធារណៈ ដែលដើរតួនាទីជួរមុខ និង ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុមានភារៈជាជួរក្រោយសម្រាប់ការងារកំណែទម្រង់មុខ ងារសាធារណៈ។
កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងមន្ត្រី រាជការតាមប្រព័ន្ធបច្ចេកវិទ្យាបានបង្កលក្ខណៈកាន់តែងាយស្រួល និងកាត់បន្ថ យបាននូវអំពើពុករលួយក្នុងកំរិតខ្ពស់។ ការបើកប្រាក់តាមប្រព័ន្ធធនាគារទៀត សោតបានធ្វើឲ្យរដ្ឋចំណេញថវិការាប់លានដុល្លារតាមរយៈការកម្ចាត់ចោលមន្ត្រីរាជការខ្មោច និងកងកម្លាំងប្រដាប់អាវុធខ្មោចយ៉ាងមានប្រសិទ្ធភាព។ បើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកំពុងអនុវត្ត នូវប្រព័ន្ធពន្ធដោយប្រើបច្ចេកវិទ្យាដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយយ៉ាង មានប្រសិទ្ធភាព។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានក្រើនរំលឹកដល់មន្ត្រីដែលទើបបញ្ចប់ការថា មន្ត្រីរាជការគឺជាខ្ញុំបម្រើដ៍ស្មោះត្រង់របស់ប្រជាពលរដ្ឋ។ បើគ្មានការជឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋទេ នោះយើងមិនអាចទទួលបានជោគជ័យក្នុងការ ដឹកនាំនោះទេ។ មន្ត្រីទាំងអស់ត្រូវដាក់ខ្លួន បម្រើប្រជាពលរដ្ឋឲ្យស្មោះត្រង់ និង កុំប្រកាន់និន្នាការអ្វីទាំងអស់៕