ប្រធាន​ផ្តល់ជំនួយ​ ​UN គាំទ្រ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចអ្នកបង្កសង្គ្រាម​នៅ​ស៊ូដង់​ខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ស៊ូដង់ ៖ អ្នកសម្របសម្រួល​ជំនួយការ​ជាន់ខ្ពស់ របស់​អង្គការសហប្រជាជាតិ អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ធំ ៗ ក្នុងការ​បង្កើន​ដាក់ទណ្ឌកម្ម លើ​ក្រុម​មេដឹកនាំ​ប្រទេស​ស៊ូដង់​ខាងត្បូង ដោយ​បង្កក​ទ្រព្យសម្បត្តិ និង ហាម ឃាត់​ការធ្វើដំណើរ ដើម្បី​នាំ​ភាគី​ទាំងអស់​ចូលក្នុង​តុ​ចរចា ក្នុង​បំណង​បញ្ចប់ ជម្លោះ រយៈពេល​ប្រាំ​ឆ្នាំ​។

លោក ម៉ាក ឡូ​ខក់ អ្នកសម្របសម្រួល​ផ្នែក​ជំនួយ​សង្គ្រោះបន្ទាន់​របស់​អង្គការសហប្រជាជាតិ បាន​និយាយថា ការដាក់ទណ្ឌកម្ម​គួរតែ​ផ្តោតលើ ការបង្កើត​កងទ័ព និង​អ្នកមាន កាំភ្លើង ។​
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត ដើម្បី​បន្ត​ការដាក់ទណ្ឌកម្ម​មួយចំនួន ទៅលើ​ប្រទេស​ស៊ូដង់​ខាងត្បូង រហូតដល់​ពាក់កណ្តាល​ខែកក្កដា និង​ដើម្បី​ពិចារណា​លើ​ការដាក់​បំរាម​លើ​ការធ្វើដំណើរ និង​ការ​បង្កក​ទ្រព្យសម្បត្តិ ទៅលើ​មេដឹកនាំ​ស៊ូដង់​ខាងត្បូង​ចំនួន​ប្រាំមួយ​នាក់ ប្រសិនបើ​ជម្លោះ​របស់​ប្រទេស​នេះ មិន​បញ្ឈប់​ត្រឹម​ថ្ងៃទី 30 ខែមិថុនា​។​

​លោក ឡូ​ខក់ បាន​និយាយថា ធនធានធម្មជាតិ និង​ទ្រព្យសម្បត្តិ របស់​ប្រទេស​ស៊ូដង់​ខាងត្បូង ស្ថិតក្នុង​សភាព​គ្រោះថ្នាក់ ខណៈពេលដែល​ភាគី​សង្គ្រាម កំពុង​ទទួលបាន​ប្រេង និង​មាស​របស់​ប្រទេស​នេះ​។

​ទោះបីជា​មានការ​ចាប់ពង្រត់ ឃាតកម្ម និង​ការ​លួច​ប្លន់​ក៏ដោយ បុគ្គលិក​ជំនួយ​ទាំងអស់ នឹង​បន្ត​នៅក្នុង​ប្រទេសមួយ​នេះ ដែលមាន​មនុស្ស 7 លាន​នាក់ ពឹង​ផ្អែកលើ​ជំនួយ​មនុស្សធម៌ ក្នុងការ​រស់រានមានជីវិត​។ លោក​ឡូ​ខក់ បាន​ព្រមាន​ថា ប្រទេស​ស៊ូដង់​ខាងត្បូង​គឺជា កន្លែង​គ្រោះថ្នាក់​បំផុត ក្នុង​ពិភពលោក ដោយ​និយាយថា បុគ្គលិក​ជំនួយ 100 នាក់ បាន​បាត់​បង់ជីវិត ចាប់តាំងពី​ឆ្នាំ 2013 មក ហើយ រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ ៕