ប៉ោយប៉ែត ៖ បន្ទាប់ពីព្រះអនុគណក្រុងប៉ោយប៉ែតចាប់ផ្សឹកព្រះចៅអធិការវត្តភ្នំបាក់លើ ព្រះនាម ស្រិល វណ្ណាហៅ អៀម វណ្ណា និងត្រូវបាននាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីការពារសុវត្ថិភាពបញ្ញចៀសហិង្សាបានប៉ុន្មានម៉ោងរួចមក សមត្ថកិច្ចបានអនុញ្ញាតឲ្យអន្ទិតរូបនេះបានវិលត្រឡប់ទៅផ្ទះវិញ នាវេលាម៉ោង ៣រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ក្នុងថ្ងៃដែលបានចាប់ផ្សឹក។ ភ្លាមៗនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះព្រោងព្រាតពាក់ព័ន្ធនឹង រឿងនេះ ដែលភាគច្រើន ជាមតិរិះគន់។
លោក សិទ្ធ ឡោះ ស្នងការងរងនគរបាលខេត្តបន្ទាយមានជ័យបញ្ជាក់ថា ចៅអធិការវត្តភ្នំបាក់លើ និងជាអនុគណៈក្រុងសិរីសោភ័ណឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ដែលកម្លាំងនគរបាលខេត្តបន្ទាយមានជ័យដឹកមកស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនមែនឃាត់ខ្លួននោះទេគឺដឹកគាត់ចេញពីហ្វូងមនុស្សដែលចង់ប្រើហិង្សានៅក្បែរព្រះវិហារជាកន្លែងផ្សឹក ហើយមកដល់ពេលនេះឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ត្រូវបានប្រគល់ជូនមន្ទីរធម្មការនិងសាសនាឲ្យត្រឡប់ទៅវិញដើម្បីទៅពិនិត្យសម្ភារៈក្នុងកុដិវត្តភ្នំបាក់លើ។ ចំពោះការដោះលែងទៅវិញនេះ គឺដោយសារគ្មានពាក្យបណ្តឹងចោទប្រកាន់ណាមួយទៅលើគាត់ទេ ។
លោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ យិន យឿន ឲ្យដឹថា ក្រោយពេលផ្សឹកចៅអធិការវត្តភ្នំបាក់លើ ដែលបរាជិកដោយចោទប្រកាន់ពីស្ត្រីឈ្មោះ កាយ វិតា អាយុ១៩ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់/ក្រុងប៉ោយប៉ែត បានចោទថាបានចាប់នាងរំលោភ បានសម្រេចនិងគម្រាម ហើយត្រូវមន្ត្រីធម្មការ និងសាសនាខេត្តរួមជាមួយមន្ត្រីសង្ឃផ្សឹក នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងវត្តសុមាធិផលស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្នុងឱកានោះ គេឃើញប្រជាពលរដ្ឋជាច្រើនបានចោមរោមទំនងជាប៉ុនប៉ងប្រើហិង្សា ហើយដោយមានការព្រួយបារម្ភខ្លាចផ្ទុះហិង្សាកើតឡើង និងដើម្បីការពារសុវត្ថិភាពកម្លាំងនគរបាលស្នងការនគរបាលខេត្តប្រមាណ១០នាក់ បានការពារនាំយកឡើងរថយន្តដឹកមកស្នងការដ្ឋាននគរបាលខេត្តដឹកចេញតែម្តង ។នៅសៀលថ្ងៃដដែលមន្ត្រីធម្មការ និងសាសនារួមជាមួយមន្ត្រីសង្ឃក្នុងខេត្តបន្ទាយមានជ័យ បាននាំខ្លួនឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ទៅវត្តភ្នំបាក់លើ វិញ ដើម្បីធ្វើការត្រួតពិនិត្យសម្ភារៈផ្ទាល់ខ្លួន ត្រូវបានប្រគល់ជូនឲ្យទទួលយកទៅផ្ទះវិញហើយ រីឯវត្តនេះត្រូវបានតែងតាំងថ្មីជាបណ្តោះអាសន្ននូវចៅអធិការវត្ត ព្រះនាម សុភា ទិត្យ (សាមណេ)ដែលបួស៥វស្សាមកហើយ ។នៅវត្តភ្នំបាក់លើ ស្ថិតភូមិភ្នំបាក់សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។
ប្រភពមួយបានឲ្យដឹងថា ក្រោយពីផ្ទុះរឿងបង្ហោះរូបភាពចៅអធិការវត្តភ្នំបាក់លើមានរូបស្និតស្នាលជាមួយស្ត្រីដើមចោទហើយរូបភាពជាច្រើនសន្លឹកដែលប៉ះពាល់សាសនាធ្វើឲ្យភាគីនារីឈ្មោះ កាយ វិតា គ្រោងប្តឹងសង្ឃអង្គនេះដែរ តែត្រូវបានចាស់ទុំសម្របសម្រួលសុំកុំឲ្យប្តឹងដើម្បីទុកជជែកគ្នារកដំណោះស្រាយក្រៅប្រព័ន្ធច្បាប់នៅពេលក្រោយបន្តទៀត ទើបសមត្ថកិច្ចមិនចាត់ការ ព្រោះគ្មានពាក្យបណ្តឹង និងបានអនុញ្ញាតឲ្យអន្ទិតរូបនេះ បានវិលត្រឡប់ទៅផ្ទះវិញ។
ចំណែក ខាងស្រី ឈ្មោះ លីតា ដែលជាក្មេងស្រីវ័យ១៩ឆ្នាំ បានអះអាងថា នាងបង្ហោះរូបភាព និងវិដេអូ កៀកកើយរវាងនាង និងសង្ឃបរាជិក ដោយសារតែខាងសង្ឃអង្គនោះ ព្យាយាមគេចពីនាង និងបិទទូរស័ព្ទមិនព្រមឆ្លើយឆ្លងគ្នា ។ នាងទាមទារឲ្យថ្នាក់ដឹកនាំសង្ឃ ចាប់លោកនោះ ផ្សឹក ហើយនាងប្តឹងពីបទរំលោភ និងគំរាម ប៉ុន្តែដោយចាស់ទុំសម្របសម្រួលទើបក្រុមគ្រួសារពិចារណាមិនទាន់ដាក់ពាក្យបណ្តឹងនៅឡើយ។
ទាក់ទិនរឿងនេះ គេឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក មានគេបង្ហោះរូបភាព Troll ជាច្រើន ពាក់ព័ន្ធករណីព្រះសង្ឃ ស្រិល វណ្ណា ហៅ អៀម វណ្ណា ឆាន់ពោតជាមួយស្រីស្នេហ៍ ហើយកើតជារឿងរ៉ាវ ឈានដល់ចាប់ផ្សឹកព្រះសង្ឃបរាជិកនោះ។ នៅមានរូបភាពជាច្រើនទៀត ត្រូវបានគេបង្ហោះឡើង រួមមាន៖ “ពោត ជាអាវុធប្រល័យលោក” ហូបពោតខុសបច្ចេកទេស “អ្នកវិទ្យាសាស្ត្រវ័យក្មេង ជាអ្នករកឃើញអាវុធប្រល័យលោក គឺកញ្ញា លីតា”, “ផ្អាកឆាន់ពោតមួយរយៈ” “ស៊ីពោតស្ងោរ អាចនាំឲ្យខូចអនាគត ដូច្នេះមុននឹងស៊ី ត្រូវចេះប្រុងប្រយ័ត្ន” “តើមួយណាជាអាវុធប្រល័យលោក?” “កញ្ញា លីតា ស្ថាបនិករកឃើញអាវុធប្រល័យលោក” ជាដើម៕