តៃវ៉ាន់ ៖ បន្ទាប់ពីមន្ដ្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានថា សហរដ្ឋអាមេរិកកំពុងពិចារណា ការ បញ្ជូន នាវាចម្បាំង ឆ្លងកាត់តាមកោះតៃវ៉ាន់ ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែ ដោះស្រាយ បញ្ហាកោះតែវ៉ាន់ អោយបានត្រឹមត្រូវ ដើម្បីជៀសវាងការប៉ះពាល់ដល់ទំនាក់ ទំនង ពីរផ្លូវ និងស្ថិរភាពនៅកោះ តៃវ៉ាន់។
ការឆ្លងកាត់របស់នាវាចម្បាំងសហរដ្ឋអាមេរិក នៅកោះតៃវ៉ាន់ ជាសញ្ញាថ្មីមួយនៃការគាំទ្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្ទាប់ពីការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ នៅជុំវិញកោះតៃវ៉ាន់ ដែលប្រទេស ចិនបានអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
មន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានថា សហរដ្ឋអាមេរិក បានពិនិត្យមើលផែនការសម្រាប់ ការបញ្ជូន នាវាផ្ទុកយន្តហោះ នៅឆ្នាំនេះ ប៉ុន្តែនៅទីបំផុតមិនបានធ្វើឡើងតាមគំរោងនោះទេ ទំនងដោយ សារតែការព្រួយបារម្ភ ថានឹងធ្វើអោយប្រទេសចិនមិនសប្បាយចិត្ត។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះសហរដ្ឋអាមេរិក បានឆ្លងកាត់កោះតៃវ៉ាន់ កាលពីឆ្នាំ 2007 ក្នុងអំឡុងពេលរដ្ឋបាលរបស់លោក ចច ដាប់បលយូ ប៊ូស៕