ភ្នំពេញំ៖ បើទោះបីជាព្រឹត្តិការណ៍បោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខនេះ កាន់តែខិតជិតមកដល់ក្តៅ តែស្ថានភាពហិរញ្ញវត្ថុ មិនមានអ្វីប្រែប្រួលឬបារម្ភនោះឡើយ ក្នុងនោះគេឃើញថាកម្ចីឥណទាន និងប្រាក់បញ្ញើបានកើនឡើងទន្ទឹមគ្នា នៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុនានាដែលមានអាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើពីអតិថិជន ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាហៅកាត់ថា CMA, លោក គា បូរ៉ាន់ បានប្រកាសថា សមាជិកទាំងអស់គួរតែត្រៀមទុនបំរុងសម្រាប់ទប់ទល់នឹងស្ថានការណ៍ នៅពេលបោះឆ្នោត ក្រែងលោមានអតិថិជនអ្នកដាក់ប្រាក់បញ្ញើត្រូវការដកប្រាក់បន្ទាន់ៗយកទៅប្រើប្រាស់ បើទោះបីជាស្ថានភាពនយោបាយមិនប្រែប្រួលក៏ដោយ ។
លោក គា បូរ៉ាន់ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានអោយដឹងថា ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងឆ្នាំ ២០១៨នេះ នៅតែមានភាពល្អប្រសើរ បើទោះបីជាឆ្នាំនេះ កម្ពុជាមានព្រឹត្តិការណ៍បោះឆ្នោតជាតិក៏ដោយក្តី ។ លោកថា ការបោះឆ្នោតឆ្នាំនេះ មិនមែនលើកទី១ ឬទី២ ទី៣ដែរ តែវាជាលើកទី៦ហើយ តាំងពីឆ្នាំ ១៩៩៣មក ហើយនៅក្រោយការបោះឆ្នោតម្ដងៗក៏មិនឃើញមានព្រឹត្តិការណ៍អីអាក្រក់ប៉ុន្មាននោះដែរ ក្នុងនោះគេឃើញអាជីវកម្មនានានៅកម្ពុជា នៅតែដើរទៅមុខ និងបានរុញអោយកំនើនសេដ្ឋកិច្ចឈរក្នុងកម្រិតមួយគួរអោយកត់សម្គាល់។
លោកបន្តថា សម្រាប់ការបោះឆ្នោតខាងមុខនេះដែរ គ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ គួរតែត្រៀមទុនបំរុងរបស់ខ្លួនអោយបានត្រឹមត្រូវ និងត្រៀមទប់ទល់ ជាមួយនឹងស្ថានការណ៍ ។ ក្នុងករណីអតិថិជនត្រូវការសាច់ប្រាក់ដកជាបន្ទាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវតែមានប្រាក់សម្រាប់ទុកបើកជូនអតិថិជន ហើយទុនបំរុងមិនមែនសម្រាប់តែទុកក្នុងពេលមានព្រឹត្តិការណ៍បោះឆ្នោតនោះទេ តែគ្រប់គ្រឹះស្ថានទាំងអស់ត្រូវតែត្រៀមទុនបំរុងអោយបានល្អជានិច្ច ។
ម្យ៉ាងទៀតនៅពេលស្នើរសុំបើកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិក៏បានតម្រូវការ អោយដំកល់ទឹកប្រាក់មួយចំនួននៅក្នុងធនាគារជាតិ ការពារហានិភ័យកើតឡើង នឹងយកប្រាក់ដំកល់នោះមកដោះស្រាយ ។ ក៏ប៉ុន្តែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ត្រូវមានទុនពីខាងក្រៅដើម្បីត្រៀមនៅក្នុងស្ថាប័នរបស់ខ្លួនដែរ ។
គួរបញ្ជាក់ផងដែរថា ក្រៅពីមីក្រូហិរញ្ញវត្ថុ ស្ថាប័នធនាគារពាណិជ្ជ ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ក៏បានត្រៀមទុនរបស់ខ្លួន ដើម្បីទប់ទល់នឹងស្ថានការណ៍នៅជិតការបោះឆ្នោតឆ្នាំ ២០១៨នេះដែរ បើទោះបច្ចុប្បន្ននេះ ស្ថានការណ៍នយោបាយនៅតែមានភាពល្អប្រសើរក៏ដោយ ជាក់ស្ដែងធនាគារពាណិជ្ជធំជាងគេ អេស៊ីលីដា ក៏បានអោយដឹងថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ទុនបំរុងទុកជូនអតិថិជនរបស់ខ្លួនដកនៅពេលត្រូវការប្រើប្រាស់សាច់ប្រាក់ជាចាំបាច់ណាមួយនៅក្នុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតថ្នាក់ជាតិ នៅចុងខែកក្កដា ឆ្នាំ ២០១៨ខាងមុខនេះ ៕