ខេត្តព្រះសីហនុ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសប្រាប់ដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ស្របពេលដែលផ្ទៃ សមុទ្រ និងមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ដោយសារឥទ្ធិពលខ្យល់ព្យុះ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ភ្លៀង នឹងបន្ដធ្លាក់ខ្លាំងនៅកម្ពុជា ពិសេសតំបន់មាត់សមុទ្រ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដោយ សារតែឥទ្ធិពលរបស់កូនព្យុះទី ៤ និងព្យុះទី៥។ ចំណែកបណ្តារាជធានី ខេត្តដទៃទៀត នឹងមាន របាយ ទឹកភ្លៀង ដែលនឹងថមថយចុះ ពិសេសរាជធានីភ្នំពេញ ខេត្តកំពត តាកែវ កំពង់ស្ពឺ និង ខេត្តកណ្តាល អាចនឹងមានភ្លៀងធ្លាក់តិចតួច។
ស្ថានភាពអាកាសធាតុនេះ កើតឡើងដោយវិសម្ពាធដែលបានកើតឡើងនៅសមុទ្រ ចិនខាង ត្បូង បានវិវត្តន៍ខ្លួនទៅជាកូនព្យុះទី៤ ឈ្មោះ អ៊ីវីនណៀ (EWINIAR) និងកំពុងស្ថិតនៅក្បែរឆ្នេរ សមុទ្រភាគខាងត្បូង ប្រទេសចិន ។ ការព្យាករណ៍ កូនព្យុះអ៊ីវីនណៀ នឹងថយឥទ្ធិពលជាបន្តបន្ទាប់ មកជាវិសម្ពាធ និងជាសម្ពាធទាប នៅថ្ងៃទី៨ខែមិថុនា។ ដោយឡែកវិសម្ពាធថ្មីមួយទៀត ដែលបាន កើតឡើងនៅភាគអាគ្នេយ៍ ប្រទេសហ្វីលីពីន ក៏នឹងវិវត្តន៍ទៅជាព្យុះទី៥ផងដែរ តំបន់មួយចំនួន អាច នឹងមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសតំបន់ឆ្នេរនិងនៅលើផ្ទៃ សមុទ្រ។ ដូច្នេះសូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរកម្សាន្តតាមសមុទ្រក៏ដូចជាផ្លូវទឹកផ្សេងៗ បង្កើន ការ ប្រុងប្រយ័ត្នអោយបានខ្ពស់ជាងមុនបន្ថែមទៀត។
ទាក់ទិន និងបញ្ហានេះដែរ លោក យន្ត មីន បញ្ជាក់ថា បានប្រកាសដល់មន្ត្រីស្ថាប័ន ពាក់ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ មានកម្លាំងសមត្ថកិច្ចនៃស្នងការនគរបាល កម្លាំងកងរាជអាវុធ ហត្ថ អង្គភាពស្ថាប័នពាក់ព័ន្ធ មានមន្ត្រីបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ឬកងទ័ពជើងទឹកជាដើម ឲ្យត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋ ឬភ្ញៀវទេសចរ ប្រសិនបើមានគ្រោះ ថ្នាក់លិចលង់ទូកណា មួយដោយយៈថាហេតុ៕