ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែមិថុនា នេះ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើ សន្និសីទកាសែតស្តីពីព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសតាំងឲ្យធ្វើជាអនុប្រធាន សម្រាប់សម័យប្រជុំលើកទី ៧៣ នៃមហាសន្និបាតអង្គ ការសហប្រជាជាតិកាលពីថ្ងៃទី០៥ មិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការអង្គការសហ ប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ។
កម្ពុជា និងប្រទេសចំនួន១៥ផ្សេងទៀត មកពីក្រុមប្រទេសតំបន់ផ្សេងៗ នឹងធ្វើជាអនុប្រធាន រួមគ្នាជាមួយនិងប្រទេសសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ២០១៨-២០១៩ ពោលគឺ ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០១៩។
កម្ពុជាមានតួនាទីផ្តល់យោបល់ពិភាក្សា និងជំរុញអភិវឌ្ឍនានាលើពិភពលោក និងផ្តល់អនុ សាសន៍ លើគំរោងថ្មីៗក្នុងនាមជាអនុប្រធានប្រតិបត្តិ។ នេះជាលើកទី២ កម្ពុជា ជាប់ឆ្នោតជាអនុ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។តួនាទីសំខាន់ ចូលរួមពិភាក្សាលើកិច្ចសន្តិភាព សន្តិ សុខ ការប្រែប្រួលអាកាស ធាតុ ។ល។និងជំនួសមុខប្រធាន ដឹកនាំអង្គប្រជុំជាមួយគណៈកម្មការ ទាំង៦រួម មានគណៈកម្មារំសាយសព្វាវុធ, គណៈកម្មការអភិវឌ្ឍសេដ្ឋកិច្ច ហិរញ្ញវត្ថុ,គណៈកម្មការ ច្បាប់,។ល។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានដាក់ស្នើបេក្ខភាពជាអនុប្រធាន នៃមហាសន្និបាតអង្គការ សហប្រជាជាតិ សម្រាប់សម័យប្រជុំលើកទី ៧៣ កាលពីខែមករា ឆ្នាំ២០១៧។នៅក្នុងខែ កុម្ភៈ ឆ្នាំ២០១៨ បេក្ខភាពនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន ៤ ផ្សេងទៀត ទទួលបានការគាំទ្រជាផ្លូវការ ដោយប្រទេសនៃក្រុមតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើជាអនុប្រធាននៃមហាសន្និបាតអង្គ ការ សហប្រជាជាតិ លើកទី៧៣។
ក្នុងឋានៈជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជាជាតិ កម្ពុជា អាចមានឱកាសដឹកនាំកិច្ចប្រជុំរបស់មហាសន្និបាត ជំនួសមុខប្រធាន និងតាមសំណើរបស់ប្រធាន។ លើសពីនេះទៀត កម្ពុជា ក៏នឹងក្លាយជាសមាជិកនៃគណៈកម្មាធិការទូទៅ ដែលមានមុខងារដូចជា ពិនិត្យរបៀបវារៈបណ្ដោះអាសន្ន និងបញ្ជីបន្ថែមចំណុចពិភាក្សា ផ្ដល់អនុសាសន៍ដល់មហា សន្និបាត និងជួយដល់ប្រធាន និងមហាសន្និបាតក្នុងការរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គនីមួយៗ ហើយនិងក្នុងការងារទូទៅរបស់មហាសន្និបាត។
គួររម្លឹកដែរថា កម្ពុជា ត្រូវបានជ្រើសតាំងជាអនុប្រធាននៃមហាសន្និបាតអង្គការសហប្រជា ជាតិជាលើកដំបូងកាលពីសម័យប្រជុំលើកទី៥៦ នៃអាណត្តិឆ្នាំ ២០០១-២០០២ ៕