ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំងបញ្ជាក់ថា ព្រះរាជសាររបស់ព្រះមហាក្សត្រ មិនមានការក្លែងក្លាយ និងមិនមានការគំរាមកំហែងឡើយ គឺជាព្រះរាជសារពិតប្រាកដ។
សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមានជនមួយចំនួនបានចោទប្រកាន់ថា មានការក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបានចុះកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងការអំពាវនាវឲ្យប្រជាជនកម្ពុជាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ កក្កដា ២០១៨ខាងមុខ។
ដ្បិតមិនសំដៅចំៗទៅកាន់បុគ្គលណាក្តី តែសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង គឺធ្វើឡើងក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេស បានសរសេរសារលើទំព័រហ្វេសប៊ុក ដោយអះអាងថា ព្រះរាជសាររបស់ព្រះមហាក្សត្រ គឺជាព្រះរាជសារក្លែងក្លាយ។ លោក ថែមទាំងបកស្រាយថា ទោះជាព្រះរាជសារ ជាការពិតក៏ដោយ ក៏ធ្វើឡើងក្រោមការគំរាមកំហែងដែរ៕