រថយន្ត​រី​វ៉ូ​ ​បើក​បុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​របើក​បររថ​យន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៏ ចង្កូត ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ បាក់​វាច​អស់​មួយ​កង់ ចំណែកឯ​រថយន្ត​ក្រឡាប់​ផ្ងារជើង ទៅមុខ​លែងរួច​។​

​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះកុសុមៈ​ប្រមាណ​១០០​ម៉ែត្រ តាម​បណ្តោយ ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​បុរស ម្នាក់ បើកបរ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង​ម៉ាក តូ​យូ​តា​រី​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AL-0581 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្និ​ង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​ខាងលើ​ស្រាប់​រេ​ចង្កូត​ទៅខាង​ឆ្វេង​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​បណ្តាលអោយ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​វាច​អស់​មួយ​កង់ ចំណែកឯ​រថយន្ត​បង្ក​បាន​ក្រឡាប់​ផ្ងារជើង​ទៅមុខ​លែងរួច​ជាប់​អ្នកបើកបរ​នៅក្នុង​រថយន្ត​។​

​ភ្លាមៗ​នោះ​ក៏មាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាននាំគ្នា​វាយ​បំបែក​កញ្ចក់​រថយន្ត​ដើម្បី​យក​អ្នកបើកបរ​ចេញមក​ខាងក្រៅ បន្ទាប់មក​អ្នកបើករថយន្ត​បង្ក ត្រូវបាន​បក្សពួក​នាំខ្លួន គេច ចេញពី​កន្លែងកើតហេតុ​បាត់​បន្សល់ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​ហើយ​បានធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះមក​ធ្វើការ​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕​