ស្ថានីយ​ផលិត​ទឹក​ពិសា O-We ៥​កន្លែង ក្រោម​ជំនួយ​អាមេរិក សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2018 ក+ ក-

​ពោធិ៍សាត់ ៖ ស្ថានីយ៍​ផលិត​ទឹកស្អាត O-We ៥​កន្លែង ក្នុង​ខេត្តពោធិ៍សាត់​ត្រូវបាន សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ដើម្បី ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ។​

​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទាំង​៥ កន្លែង​នេះ​ជា​គម្រោង (World Fish) ក្រោម​ជំនួយ​ថវិកា​ពី (Feed the future) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា យូ​. អេស​.​អេ​.​អាយ​.​ឌី (USAID) តាមរយៈ​អង្គការ (World Fish) និង​អនុវត្ត​ដោយ​អង្គការ ទឹកស្អាត ១០០១​។​

​ស្ថានីយ៍​ផលិត​ទឹកស្អាត​ទាំង​៥​នោះ​រួមមាន​៖ នៅ​ស្រុក​ក្រគរ​១​កន្លែង ស្រុក​បាកាន​២​កន្លែង និង ស្រុក​ភ្នំក្រវាញ​២​កន្លែង​។ ពិធី​នេះ​ប្រារព្ធ​ឡើង​កាលពី​ម្សិល​ម៉ិ​ញ​នេះ នៅ​បរិវេណ​ដី​វាល ស្ថិត ក្នុងភូមិ​បឹង​ព្រះ​ពន្លៃ ឃុំ ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​លោក Frederic នាយក​អង្គការ​ទឹកស្អាត​១០០១, មានប្រសាសន៍ថា​ស្ថានីយ៍​ទឹកស្អាត ទាំង​៥ កន្លែង​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ធនធាន​ជលផល​តាម​វាលស្រែ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង សម្រាប់​អនាគត​ដំណាក់កាល​ទី​២ ដែល​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការបង្កើន​ការផ្គត់ផ្គង់ ត្រី​ល្អប្រសើរ​ជាង​មុន មាន​ជីវៈជាតិ និង​អាហារ​រូប​ត្ថ​ម្ភ ដល់​មនុស្ស​ជាង ៩​ម៉ឺន​នាក់​។

​អង្គការ​ទឹកស្អាត​១០០១ ដែលមាន​ឯកទេស ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត នឹង​គ្រោង​បង្កើត​ស្ថានីយ៍ ទឹកស្អាត​១០​កន្លែង​បន្ថែមទៀត លើ​ខេត្ត​គោលដៅ​ចំនួន​៣ នាពេល​អនាគត​។

​អភិបាលរង​ស្រុក​ភ្នំក្រវាញ​លោក ឈាន វាសនា បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ និង អង្គការ​ដៃគូ​ទាំងអស់ ដែល​បាន​អនុវត្ត​គម្រោង និង​ផ្តល់ជំនួយ​ជា​សម្ភារៈ វគ្គ​បណ្តុះបណ្តាល ជំនាញ បង្កើត​មុខរបរ​ក្នុង​សហគមន៍ ព្រមទាំង​សំណូមពរ​ឲ្យ​បន្ត​សហការ​ពង្រីក ស្ថានីយ បន្ថែម​នៅ​ឃុំ​ព្រ​ងិ​ល ឃុំ​ស​ន្ទ្រែ ឃុំ​សំរោង និង​ឃុំ​អង្គ្រង ក្នុងស្រុក​ភ្នំក្រវាញ បន្ថែមទៀត​ដើម្បី​ជា ប្រយោជន៍​ដល់​សហគមន៍ ប្រជាពលរដ្ឋ ព្រមទាំង​បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែ រក្សា​សមិទ្ធផល​នេះ ឲ្យ​បាន គង់​វង់​យូរអង្វែង​និង​ចូលរួម​ទប់ស្កាត់​ការបំផ្លាញ​ប្រភពទឹក​ដើម្បី ផលប្រយោជន៍​កូនចៅ​យើង ទាំងអស់គ្នា​ទៅ​ថ្ងៃ​អនាគត​៕​