កូនប្រុស​បែក​ថ្នាំ កាប់​ម្តាយ​ស្លាប់ និង​ប្អូនបង្កើត​២​នាក៎​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 June, 2018 ក+ ក-

​ខេត្ត​ប៉ៃលិន ៖ រឿងរ៉ាវ​ដ៍​រន្ធត់​មួយ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ដោយសារតែ​កូនប្រុស​បង្កើត​ម្នាក់ បាន​លើកដៃ​ទាញ​ពូថៅ​សម្លាប់​ម្តាយ​ខ្លូន​ឯង បណ្តាល​ឲ្យ​ស្លាប់ និង​ប្អូនបង្កើត​ប្រុស​ស្រី ចំនួន​ពីរ​នាក់​ទៀត ឲ្យ​រងរបួស​ធ្ងន់ ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​បឋម​នៅ​ម​ណ្ទ​ល​សុខា​ភាព​ភ្នំ​ព្រាល ព្រោះតែ​រឿងរ៉ាវ​ក្នុង​គ្រួសារ​បន្តិចបន្តួច និង​ការ​បែក​ថ្នាំ​របស់​ជនសង្ស័យ ។​

ហេតុការណ៍​ដ៍​រន្ធត់​ខាងលើ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ដីស ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​បើតាម​លោក ហុង ហេង នាយ​ប៉ុ​ស្ត៍​រដ្ឋបាល​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ បាន​ឲ្យ​ដឹងថា​៖ មុនពេល​កើតហេតុ​ចំនួន​៣​ថ្ងៃ ជនសង្ស័យ​ជា​កូន បានមក​សុំ​កូន​របស់​ខ្លូន ដែល​ផ្ញើទុក​ឲ្យ​ម្តាយ​(​ជនរងគ្រោះ​) ជា​ចិញ្ចឹម យកទៅ​មើលថែ​ខ្លូន​ឯង​វិញ ប៉ុន្តែ​ត្រូវ​ម្តាយ ដែលជា​ជនរងគ្រោះ​មិន​ឲ្យ ព្រោះតែ​ជនសង្ស័យ​ជា​មនុស្ស​ចិញ្ចឹម​ខ្លូន​ឯង​មិន​រស់ និង​ជាម​នុស្ស​ដែល​ញៀន​ថ្នាំខ្លាំង​ផងដែរ ។ លោកនាយ​ប៉ុ​ស្ត៍ បាន​បន្តថា​៖​លុះ​នៅ​ថ្ងៃកើតហេតុ ប្រហែលជា​ជនសង្ស័យ​មាន​គំនុំ រឿង​កាលពី​ថ្ងៃមុន បានជា​ប្រើ​អំពើហិង្សា​ទៅ​ម្តាយ ដោយ​កាប់​និង​ពូថៅ បណ្តាល​ឲ្យ​ចំក្បាល​ធ្ងន់ធ្ងរ​រហូតដល់​ស្លាប់​និង​កន្លែង ចំណែក​ប្អូនៗ បានឃើញ​ហេតុការណ៍​ក៍​នាំគ្នា​ទៅ​ជួយ ប៉ុន្តែ​ត្រូវបាន​ជនសង្ស័យ​ដេញ​កាប់​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ម​ណ្ទ​ល​សុខភាព​ផងដែរ ។​

​បើតាម​លោក​អនុសេនីយ៍ទោ រី តា​រ៉ា អធិការរង នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ដែល​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ករណី​ខាងលើនេះ បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​ឈ្មោះ ធុង នាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់​ភូមិ​ឃុំ​កើត​ខាងលើ ចំណែក​ជនរងគ្រោះ​ទីមួយ​ឈ្មោះ សុខ ស្រី​ម ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ត្រូវជា​ម្តាយបង្កើត របស់​ជនសង្ស័យ ដោយ​ស្លាប់​និង​កន្លែង ដែល​ជនសង្ស័យ​ជា​កូន​កាប់​នឹង​ពូថៅ , ទី​ពីរ​ឈ្មោះ ធុង ថូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​ជនសង្ស័យ រងរបួស​ក្បាល​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ និង​ទី​បី​ឈ្មោះ ធុង សារី ភេទ​ស្រី អាយុ​២០​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​ជនសង្ស័យ រងរបួស​ក្បាល​ផ្នែក​ខាងក្រោយ​ធ្ងន់ធ្ងរ ។

​លោក បាន​បន្តថា​៖ ករណីនេះ​គឺ​បណ្តាលមកពី​ជនសង្ស័យ ដែល​ត្រូវជា​កូន​បង្កើតបាន​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​ម្តាយ​ខ្លួនឯង​កាលពី​បី​ថ្ងៃមុន រួច​មានការ​គុំ​គួ​ន លុះ​រហូតមកដល់​វេលា កើតហេតុ​ខាងលើ ជនសង្ស័យ​បានសម្រេច​ចិត្ត​បង្ករ​ហឹ​ង្សា ដោយ​ចេតនា​លើ​ជនរងគ្រោះ​តែម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​នៃ​អធិការនគរបាល​ស្រុក​សាលា​ក្រៅ ធ្វើការ​ឃាត់​ខ្លូន និង​រៀបចំ​សំណុំរឿង​បញ្ជូនបន្ត​មក​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ចំណែក​អ្នករងរបួស ត្រូវបាន​បញ្ជូនមក​ស​ង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្ត​ប៉ៃលិន ដោយ​សព​ជនរងគ្រោះ​ជា​ម្តាយ ត្រូវបាន​សាច់ញាតិ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ផងដែរ ៕