ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងអោយកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់និងនារីម្នាក់ បានអះអាងថា ជាបុគ្គលិករដ្ឋបាលរោងចក្រមួយកន្លែង និងប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដោយតម្រូវអោយពួកគាត់បង់លុយជាមុនហើយសន្យាថា នាំចូលធ្វើការ។
បើតាមយុវជនម្នាក់ឈ្មោះ ផេង ចាន់ថូ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្ពានតោ ឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញក្រដាសដែលគេ បិទតាមបង្គោលភ្លើងនិងជញ្ជាំងតាមផ្លូវថា ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់និងមិនត្រូវការបទពិសោធនទេ ទើបរូបគាត់ទំនាក់ទំនងតាមទូរស័ព្ទ និងណាត់ជួបបុរសម្នាក់ឈ្មោះ តុលា ។លុះនៅថ្ងៃ២០ ខែឧសភា ឆ្នាំដដែលរូបគាត់ក៏មកជួបបុរសម្នាក់ឈ្មោះ តុលា ដែលអះអាងថា ជារដ្ឋបាលបានតម្រូវអោយបង់លុយមុនចំនួន៥០ដុល្លារ ដោយសន្យាថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នេះ នឹងនាំចូលធ្វើការ។
តាមព័ត៌មានបន្តទៀតថារហូតមកដល់ថ្ងៃកើតហេតុរូបគាត់និងក្រុមកម្មករជាច្រើននាក់ទៀតបាននាំគ្នាមកចូលធ្វើការតាមអ្វីដែលបុរសរដ្ឋបាលនោះសន្យា។ តែអ្វីដែលហួសចិត្តនោះខណះដែលក្រុមកម្មករជាង២០០នាក់បានមកធ្វើការបែរជាកន្លែងរោងចក្រឆ្លើងថាមិនមានរើសបុគ្គលិកនោះទេហើយក៏មិនស្គាល់ឈ្មោះតុលា ដែលអះអាងថារដ្ឋបាលដែរទើបនាំគ្នាភ្ញាក់ខ្លួនថាចាញ់បោកគេហើយបាននាំគ្នាទៅសាលាសង្កាត់ចោមចៅ៣សុំការអន្តរាគមន៍។
ជនរងគ្រោះបានបញ្ជាក់ថារោងចក្រដែលបុរសឆបោកប្រាប់យកមកធ្វើការនោះឈ្មោះរោងចក្រ វីន សាន់ ដែលបានទីតាំងនៅក្នុងដំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តែពួកគេមកប្រគល់លុយនៅក្នុងបុរី ញ៉ូថោន សង្កាត់ចោមចៅ៣។
ជនរងគ្រោះបានបញ្ជាក់ថាពាក់ព័ន្ធនឹងករណីខាងលើនេះក្រុមប្រជាពលរដ្ឋខ្លះបង់រហូត១០០ដុល្លារ ឬលើសពីនេះទៅទៀតក៏មាន។យ៉ាងណាក៏ដោយ សមត្ថកិច្ចនៅមិនទាន់ចាត់ការបែបណា ចំពោះការតវ៉ានោះនៅឡើយទេ៕