ភ្នំពេញ ៖ ស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ប្រែក្លាយក្រុងភ្នំពេញអោយទៅជាបណ្តុំទីផ្សារដ៏ពេញនិយមមួយក្នុងតំបន់នោះ បើតាមគម្រោងក្នុងឆ្នាំ២០១៨នេះ នឹងមានវត្តមានផ្សារទំនើបចំនួន១៣ទៀត បង្កើតឡើងក្នុងរាជធានីភ្នំពេញ! ដូចនេះនឹងធ្វើអោយទំហំទីផ្សារទំនើប កើនឡើងដល់ជិត៣៧ម៉ឺនម៉ែត្រក្រឡា បើគិតក្រឡាផ្ទៃសរុបរួមបញ្ចូលគ្នា នៃផ្សារទំនើបទាំងអស់ ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា បច្ចុប្បន្នមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានចេញទៅទិញទំនិញនៅក្រៅប្រទេស ដូចជានៅទីក្រុងហុងកុង និង ប្រទេសសិង្ហបុរីជាដើម ដោយសារ នៅទីនោះមានឈ្មោះល្បីថាជាបណ្តុំទីផ្សារដែលមានលក់ផលិតផល ម៉ាកល្បីរបស់ពិភពលោក ដ៏សំបូរបែប។
ខណៈដែលកំរិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពល្អប្រសើរ និងដើម្បីទាក់យកចំណូលបន្ថែមទៀត ពី អ្នកទេសចរមកពីក្រៅប្រទេសផងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏ចង់អោយទីក្រុងភ្នំពេញ ក្លាយជាបណ្តុំទីផ្សារដ៏ពេញនិយមមួយផងដែរ សម្រាប់ការដើរទិញទំនិញដែលផ្តោតទាំងលើគុណភាព និងបរិមាណ ដូចជានៅក្នុងផ្សារទំនើបនៃអគារចក្កវាឡ៏ប្លែកគេ ដែលមានសុទ្ធតែហាងលក់ទំនិញម៉ាកល្បីៗរបស់ពិភពលោក ជាដើម ។
ទន្ទឹមនេះ បើយោងតាមគម្រោងក្នុងឆ្នាំ២០១៨នេះ ចំនួនផ្សារទំនើបថ្មីៗចំនួន១៣ ទៀត កំពុងត្រៀមខ្លួនបង្កើតនៅក្នុងរាជធានីភ្នំពេញ ដោយទំហំផ្ទៃក្រឡា សរុប នៃផ្សារទំនើបទាំងនេះ មានជាង ១៤ម៉ឺន៧ពាន់ម៉ែត្រក្រឡា ខណៈដែល ទំហំផ្សារទំនើបសរុបដែលកំពុងដំណើរការ និងបានបញ្ចប់ការសាងសង់ហើយនោះ មានប្រមាណ២២ម៉ឺនម៉ែត្រក្រឡា។ ដូចនេះការវិនិយោគ ផ្សារទំនើបនៅកម្ពុជា នឹងកើនទំហំផ្ទៃក្រឡាសរុប ដល់ជិត៣៧ម៉ឺនម៉ែត្រក្រឡា។
តាមការចេញផ្សាយរបស់គេហទំព័រ Propertyarea.asia បានបញ្ជាក់ថា ទីតាំងផ្សារទំនើប ដែលគ្រោងនឹងបើកដំណើរការនៅក្នុងឆ្នាំនេះ រួមមាន ដូចជា Midtown Community Mall, The Bridge Commercial, Downtown 93, The Park, Noro Mall, Prince Central Plaza, ជាដើម។ ចំណែកគម្រោងសាងសង់ ទីតាំងលក់រាយជាច្រើនដែលកំពុងស្ថិតក្នុងដំណាក់កាលសាងសង់ មានដូចជា PH Eco Mall និង Diamond Peng Hourt Mall ជាដើម។
តាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បង្ហាញថា បច្ចុប្បន្ននេះ ការវិនិយោគទៅលើទីតាំង លក់រាយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដោយក្នុងឆ្នាំនេះ និងមានទីតាំងលក់រាយប្រហែល១១នឹងបើកដំណើរការ ក្នុងចំណោមផ្សារទំនើបចំនួន១៣ទីតាំង។
យោងតាមរបាយការណ៍របស់ ក្រុមហ៊ុន CBRE Cambodia នេះ ក៏បានបង្ហាញដែរថា គិតត្រឹមដំណាច់ឆ្នាំនេះ នៅកម្ពុជានឹងមានទីតាំងលក់រាយប្រហែល២៩ ភាគរយស្ថិតក្នុងខណ្ឌសែនសុខ! ២៦ភាគរយ ក្នុងខណ្ឌចំការមន! ១៩ ភាគរយក្នុងខណ្ឌទួលគោក! ១៣ភាគរយក្នុងខណ្ឌច្បារអំពៅ! ៦ភាគរយ ក្នុងខណ្ឌដូនពេញ និងខណ្ឌមានជ័យ និង១ភាគរយក្នុងខណ្ឌ៧មករា៕