ភ្នំពេញ ៖ អាជីវករក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈកម្ពុជា កំពុងសម្លឹងពីសក្ដានុពលវិនិយោគ ក្នុងតំបន់បឹងកក់ ដោយសារតំបន់នេះកំពុងតែមានភាពទាក់ទាញ និងជាចំណុចប្រសព្វរវាងខណ្ឌសំខាន់ៗទាំងបីក្នុងរាជធានីភ្នំពេញ ។
ស្របពេលកំណើនប្រាក់ចំណូលពលរដ្ឋក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ តម្រូវការអាហារ និងភេសជ្ជៈ ជាពិសេសម៉ាកល្បីៗទាំងក្នុងស្រុកនិងក្រៅ ក៏ឃើញថាមានកំណើនខ្ពស់ដែរ ដែលធ្វើអោយអាជីវករលើវិស័យនេះ បានពង្រីកខ្លួនជាបន្តបន្ទាប់ នៅតាមផ្សារទំនើបតូចធំ និងនៅតាមតំបន់សក្ដានុពលមួយចំនួននៅកណ្ដាលរាជធានីភ្នំពេញ ។
ជាការកត់សម្គាល់តំបន់បឹងកក់ដែលពី មុនជាបឹងធំមួយនៅកណ្ដាលក្រុងបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនៅរាជធានីភ្នំពេញ។ ជាក់ស្ដែងបច្ចុប្បន្ននេះ គេសង្កេតឃើញមានភោជនីយដ្ឋាន អាហារ និងភេសជ្ជៈល្បីៗដែលជាម៉ាកក្នុងនិងក្រៅស្រុកបានសម្រុកបើកជាបន្តបន្ទាប់នៅតំបន់ បឹងកក់ ហើយរហូតដល់ពេលនេះ មានប្រមាណ៣០យីហោកំពុង និងត្រៀមធ្វើអាជីវកម្មនៅតំបន់នោះ ។
លោក សែ វិចិត្រ ប្រធានផ្នែកការអភិវឌ្ឍន៍អាជីវកម្ម នៃមជ្ឈមណ្ឌលកម្សាន្តអេដិនហ្កាដិន នៅកណ្ដាលតំបន់បឹងកក់បានអោយដឹងថា កត្តាដែលធ្វើអោយហាងអាហារ និងភេសជ្ជៈ ល្បីៗលំដាប់ពិភពលោក បានចូលមកកាន់តំបន់បឹងកក់ ពីព្រោះទីនោះជាតំបន់ចំនុចកណ្ដាលនៃទីប្រជុំរវាងអ្នកមានចំណូលខ្ពស់ និងអ្នកមានចំណូលមធ្យម ហើយក៏ជាចំណុចប្រសព្វរវាងខណ្ឌទាំងបីគឺខណ្ឌទួលគោក ខណ្ឌដូនពេញ និង ខណ្ឌ ៧មករា ដែលសុទ្ធសឹងតែជាបណ្ដុំដោយអ្នកមានជីវភាពធូធារ ។ ម្យ៉ាងទៀត នៅតំបន់នោះ ក៏សំបូរ ទៅដោយបណ្ដុំការិយាល័យក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផងដែរ ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ គេមើលឃើញថា តំបន់នោះ កំពុងអភិវឌ្ឍន៍ទៅកន្លែងភោជនីយដ្ឋាន និងភេសជ្ជៈ ហើយនាពេលអនាគតខាងមុខដ៏ខ្លី ទីនោះនឹងក្លាយជាមជ្ឈមណ្ឌលកម្សាន្តមួយបន្ថែមពីលើ កន្លែងផ្ដល់សេវាកម្មភេសជ្ជៈ និងម្ហូបអាហារ។ ជាក់ស្ដែងនៅតំបន់បឹងកក់បាននិងកំពុងត្រៀម បើកជាក្លឹបកម្សាន្ត និង រោងភាពយន្ត សម្រាប់បម្រើអោយសេចក្តីត្រូវការរបស់ប្រជាជនក្នុងរាជធានីភ្នំពេញ និងទូទាំងប្រទេសដែលមកកម្សាន្តនៅភ្នំពេញ ផងដែរ។
បើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវាយតម្លៃអចលនទ្រព្យក៏បានលើកឡើងផងដែរថា បឹងកក់នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅរាជធានីភ្នំពេញ ។
លោក ឌឹត ចណ្ណា បានអោយដឹងថា នៅថ្ងៃអនាគត បឹងកក់នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដ៏សំខាន់ ក្នុងនោះបណ្ដាធនាគារ ការិយាល័យ នឹងអាចលេចវត្តមាននៅតំបន់នោះ ។
លោកបន្តថា តំបន់នេះ ជាចំណុចកណ្ដាលមួយនៅក្នុងរាជធានីភ្នំពេញ ហើយវាក៏ជាប់នឹងស្ថាប័នកំពូលរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ ដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី និង សាលារាជធានីភ្នំពេញជាដើម ។ ម្យ៉ាងទៀតតំបន់នោះ ក៏ជាកន្លែងដែលមនុស្សជាច្រើនឆ្លងកាត់ និងស្ថិតនៅជាប់មហាវិថីសំខាន់ៗទៀងផង ៕