ភ្នំពេញ៖ស្របពេលដែល ពិធីបុណ្យចូលឆ្នាំខ្មែរឈានជិតចូលមកដល់ អ្នកនាងម៉េង កែវពេជ្ជតា បែរជាសម្រេចចិត្តជះកំហឹងជម្រះរឿងអាស្រូវរបស់ខ្លួនតែម្ដង។ ក្នុងវេទិកា«តុបំភ្លឺ»របស់ស្ថានីយទូរទស្សន៍MyTV កាលពីយប់ថ្ងៃសៅរ៍ ទី១១ ខែមេសា អ្នកនាងចោទថាជារឿងលាបពណ៌សុទ្ធសាធ ជុំវិញរឿងអាស្រូវពាក់ព័ន្ធនឹងការផ្សាយថាអ្នកនាងបោក ប្រាក់របស់បុរសពោះម៉ាយ ដែលជាមន្ត្រីជាន់ខ្ពស់ និងជាបុរសស្ដុកស្ដម្ភមួយរូប ព្រោះតែសម្អាងលើការបង្ហោះសារពីជនអនាមិកម្នាក់។ អ្នកនាងចោទថានេះជាសារបង្ខូចឈ្មោះដែលចេញប្រភពពីក្រុម អ្នកឈ្នានីសមួយរូប ដែលរឿងរ៉ាវនោះបានរីកធំឡើង ព្រោះតែអ្នកកាសែតបំប៉ោងបន្ថែមមិនមានមូលដ្ឋាន។
អ្នកនាងម៉េង កែវពេជ្ជតា និយាយថា «ខ្ញុំចង់បញ្ជាក់ថា អ្នកចោទខ្ញុំបោកប្រាក់គេហ្នឹង ទាំងបងប្អូនខ្ញុំទាំងគ្រួសារខ្ញុំស្គាល់គាត់ទាំងអស់ ព្រោះធ្លាប់រាប់អានគ្នា ប៉ុន្តែខ្ញុំអត់ខឹង ឬចងពៀរហ្នឹងគាត់ទេ ព្រោះខ្ញុំដឹងថាខ្លួនឯងអត់បានធ្វើ ហើយខ្ញុំសូមបញ្ជាក់ថាលិខិតអនាមិកនោះ អត់ពិតទាំងអស់!»។
នេះគឺជាការបំភ្លឺដ៏កម្រ បន្ទាប់ពីរឿងរ៉ាវអាស្រូវផ្ទុះខ្លាំងរញ្ជួយស្រទាប់មហាជន និងក្នុងចង្កោមសិល្បៈ នាពេលចុងក្រោយ។ អ្នកនាងបញ្ជាក់ថាហេតុផលមិនបានពន្យល់ឲ្យជាក់លាក់គ្រប់ ពេលសម្ភាសន៍ មិនមែនដោយសារតែឫក ឬមិនហ៊ានទទួលយកការពិតដូចការចុះផ្សាយនោះទេ ពោលគឺបង្កពីហេតុផលអ្នករំលេចព័ត៌មានតែប៉ុណ្ណោះ។
អ្នកនាងនិយាយថា «ពេលប្អូនម្នាក់(អ្នកកាសែត)គាត់ខលមក គឺចំពេលខ្ញុំត្រៀមឡើងខនសឺតថ្លង់ភ្លេងសម្ភាសន៍អត់កើត ហើយខ្ញុំប្រាប់ឲ្យគាត់ខលមកពេលចប់ការងារ ដោយគាត់អូខេ ប៉ុន្តែគាត់មិនត្រឹមតែមិនខលទេ គឺស្អែកឡើងចេញព័ត៌មានដោយគ្មានសម្តីខ្ញុំមួយម៉ាត់យ៉ាងព្រោង ព្រាត!»។ អ្នកនាងបានចោទស្ថាប័នទស្សនាវដ្ដីដែលបានចុះផ្សាយពីរឿង អាស្រូវនោះជាអ្នកពង្រីកដំណឹងភ្ជាប់នឹងគំនុំ និងការសរសេរដោយប្រើអារម្មណ៍។
អ្នកនាងនិយាយបណ្ដើរបង្ហូរទឹកភ្នែកបណ្ដើរថា«ខ្ញុំហែលឆ្លង អស់ហើយ ខ្ញុំលំបាកអស់ហើយ ខ្ញុំសង្ឃឹមថាអ្វីដែលលោកអ្នកធ្វើបាបខ្ញុំកន្លងមក ល្មមគ្រប់គ្រាន់នឹងចិត្តរបស់អ្នកហើយ… ព្រោះថាការដែលបងៗចុះអ្វីដោយគ្មានមូលដ្ឋាន ហើយមិនមានការពិត វាប៉ះពាល់ខ្លាំងណាស់ដល់ជីវិតរស់នៅរបស់ខ្ញុំជាតារា ដែលជាស្ត្រីម្នាក់!»។ អ្នកនាងនៅតែទទូចដដែលដល់អ្នកខលសម្ភាសន៍សរសេរអ្វីដែលបាន សម្ភាសន៍ និងបញ្ចប់ការលាបពណ៌ដើម្បីតែផលប្រយោជន៍របស់ស្ថាប័នខ្លួន ដោយយកតម្លៃ និងកិត្តិយសរបស់អ្នកសិល្បៈទៅបំផ្លាញ។
អ្នកនាងបានប្រើកញ្ចក់ទូរទស្សន៍ទទូចជាសាធារណៈឲ្យក្រសួងចំនួន ពីរ គឺក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន ធ្វើការត្រួតពិនិត្យនូវរាល់ការចេញផ្សាយពាក់ព័ន្ថនឹង ព័ត៌មានអាស្រូវទាំងអស់របស់បណ្ដាញសារព័ត៌មានទស្សនាវដ្ដី និងកាសែតក្នុងស្រុក ដោយអះអាងថាស្លាបប៉ាការបស់អ្នកសរសេរមានឥទ្ធិពលយ៉ាងអាក្រក់ ទម្លាក់តម្លៃស្ត្រីខ្មែរ ព្រោះតែការសរសេរគ្មានវិជ្ជាជីវៈ និងប្រើកំហឹងក្នុងការតាក់តែង។ អ្នកនាងនិយាយថា «នាងខ្ញុំសូម សំណូមពរដោយទទូចដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងក្រសួងកិច្ចការី មេត្តាត្រួតពិនិត្យរាល់ការចេញផ្សាយរបស់សារព័ត៌មានមួយចំនួន ព្រោះថារាល់ការសរសេររបស់គាត់ បើគិតតែលើផលប្រយោជន៍(លក់ដាច់)របស់គាត់អញ្ចឹង វាប៉ះពាល់ខ្លាំងណាស់ដល់តម្លៃស្ត្រីខ្មែរទាំងមូល! វាធ្វើឲ្យមហាជនយល់ច្រឡំតែអញ្ចឹង ថាតារាសិល្បៈខ្មែរមានប្ដីមានមិនជាប់នឹងគេ គ្មានប្ដីខ្លាចតែយកប្ដីគេ ហើយបើគ្នាលែងលះគ្នាក៏អញ្ចេះក៏អញ្ចុះ…ពួក ខ្ញុំរាល់ថ្ងៃខំរស់ដោយភាពថ្លៃថ្នូរខ្លាំងណាស់ គឺអត់ចង់ឮពាក្យវាយប្រហារអញ្ចឹងទេ! សូមគាត់យកចុងប៉ិចរបស់គាត់សរសេរអ្វីល្អខ្លះផង កុំលើកតែអ្វីដែលអាក្រក់ ហើតអត់ពិតសោះអញ្ចឹង!»។
អ្នកនាងបញ្ជាក់ថា មិនខ្លាចចំពោះការពិតទេ ហើយក៏មិនដែលមានគំនិតគេចចេញពីការសម្ភាសន៍ដែរ ប៉ុន្តែមកពីអ្នកនាងយល់ថាការផ្ដល់ចម្លើយ គឺកម្រដកស្រង់ចំណុចល្អយកមកសរសេរ និងកាន់តែធ្វើឲ្យរឿងវែងឆ្ងាយ ទើបសម្រេចចិត្តធីបចោលការសុំសម្ភាសន៍ពីសំណាក់អ្នកកាសែត ហើយចូលកម្មវិធី«តុបំភ្លឺ» វែកញែក និងបញ្ចេញកំហឹងពាក់ព័ន្ធនឹងរឿងអាស្រូវនេះតែម្ដង៕vod