ភ្នំពេញ ៖ គងជ័យយក្ស ឬ គងជ័យអាស៊ានមិត្តភាព កម្ពុជា-ថៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ព្រះសង្ឃថៃ ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានមកដល់កម្ពុជា និងបានធ្វើពិធីក្រុងពាលី ដើម្បីតម្លើងរួចរាល់ហើយ រង់ចាំដល់ថ្ងៃប្រារពពិធីរៀបចំអភិសេធជាផ្លូវការតាមទំនាមទំលាប់ប្រពៃណីខ្មែរ។
ពិធីក្រុងពាលី តម្លើងគងជ័យ អាស៊ាននេះ បានធ្វើឡើងក្រោមព្រះរាជាធិបតី សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និង មានការចូលរួមពីលោកជំទាវ ឧកញ៉ាបណ្ឌិត សៀង ចាន់ហេង រួមទាំងលោកតា លោកយាយជាពុទ្ធបរិស័ទមួយចំនួនផងដែរ។
លោក សក្តិ ចាន់បូទុំ ដែលជាអ្នកនាំគងជ័យដ៏ធំនេះ មកតម្លើង បានប្រាប់ឱ្យដឹងថា គងជ័យនេះ ត្រូវបានប្រសិទ្ធនាមថា ជាគងជ័យអាស៊ាន មិត្តភាព កម្ពុចាថៃ មានទំងន់២៥០០គីឡូក្រាម មានមុខកាត់៧ម៉ែត្រ និងតម្លើងលើទីតាំងដែលមានកំពស់សរសរ៩ម៉ែត្រ នៅក្នុងបរិវេណមុខវត្តឧណ្ណាលោម ក្នុងរាជធានីភ្នំពេញ។ សរសរសម្រាប់តម្កល់គងជ័យនេះ បានទទួលការឧបត្ថម្ភទាំងស្រុង ពីលោកជំទាវឧកញ៉ា សៀង ចាន់ហេង ប្រធានក្រុមហ៊ុន ហេងអភិវឌ្ឍន៍។
នៅក្នុងពិធីតម្លើងគងជ័យអាស៊ានមិត្តភាពកម្ពុជា-ថៃ នាល្ងាចថ្ងៃទី១១ខែ មិថុនានេះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សបានមានព្រះបន្ទូលឱ្យដឹងថា គងនេះ តំណាងឱ្យប្រទេសជាសមាជិក អាស៊ាន នៅលើនោះ ដើម្បីបង្ហាញពីសាមគ្គីភាព ការរួមរួមគ្នា ការពារនូវសុខសន្តិភាព នៅក្នុងតំបន់ និងពិភពលោក ការពារជាតិ សាសនា នៅតាមប្រទេសរៀងៗខ្លួន ។
មសម្តេចព្រះអគ្គមហាសង្ឃរាជ បានមានព្រះបន្ទូលទៀតថា តាមប្រពៃណីពីបូរាណគងជ័យ គឺជាអ្នកនាំមុខក្នុងការធ្វើសឹកសង្គ្រាម នឹងជាអ្នកនាំមកនូវជ័យមង្គល ផ្តល់ក្តីសុខសាន្តដល់ប្រជាពលរដ្ឋ ពិសេសគឺដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ ជូនប្រជាជននិងប្រទេសជាតិ និង អភិវឌ្ឍ វិស័យព្រះពុទ្ធសាសនា និងព្រះមហាក្សត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គងជ័យអាស៊ាននេះ នឹងរៀបចំប្រារពពិធីអភិសេធដ៏មហោឡារឹកនាថ្ងៃទី១៨ ខែមិថុនាខាងមុខនេះ ស្របពេលដែល វត្តឧណ្ណាលោម នឹងរៀបចំពិធីបុណ្យផ្កាមហាសាមគ្គី ដើម្បីប្រមូលបច្ច័យយក កសាងផ្លូវមួយខ្សែ នៅក្នុងស្រុកកងមាស ខេត្ត កំពង់ចាម៕