លោក ហ៊ីង ប៊ុន​ហៀ​ង ឆ្លើយតប​ទៅ​អាមេរិក​ពី​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់លោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 June, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រោយពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារ​អាមេរិក បានប្រកាស​បង្កក​ទ្រព្យសម្បត្តិ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ដោយ​លើក​ហេតុផល​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​រួចមក ឆ្លើយតប​ភ្លាមៗ លោក ហ៊ីង ប៊ុន​ន​ហៀ​ង បាន​ថ្លែង​ទាំងអស់​សំណើច​ថា «​ឲ្យ​ដកយក​ទ្រព្យសម្បត្តិ​របស់លោក​ឲ្យ​អស់​ចុះ បើ​មាននៅ​អាមេរិក​»​។​

​លោក ហ៊ីង ប៊ុន​ហៀ​ង ដែលជា​មេបញ្ជាការ​នៃ​កង​អង្គរក្ស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​នាយកដ្ឋាន​រតនាគារ​អា​មេ​រិ​ក ប្រកាស​នៅ​ថ្ងៃទី​១២ ខែមិថុនា នេះ ពី​ការ​បង្កក​ទ្រព្យសម្បត្តិ ដោយ​លើក​ហេតុផល​ថា លោក ហ៊ីង ប៊ុន​ហៀ​ង បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​សេចក្តីថ្លែងការណ៍​ដដែល​នេះ បាន​ភ្ជាប់​លោក​ជាមួយ​ករណី​ហិង្សា​កាលពី​ឆ្នាំ ២០១៥ ថា «​សមាជិក​កង​អង្គរក្ស​ចំនួន​៣​នាក់ ដែល​បាន​ចាប់​បញ្ជូនទៅ​ពន្ធនាគារ​នោះ បាន​សារភាពថា ពួកគេ​ពិតជា​បាន​ចូលរួម​ប្រើ​ហិង្សា​វាយ​ទៅលើ​អ្នកតំណាងរាស្ត្រ​អតីត​គណបក្សប្រឆាំង​ពីររូប​មែន​។ ក្រោយមក​អង្គរក្ស​ទាំងនោះ​ត្រូវបាន​ដោះលែង​វិញ រួមទាំង​ទទួលបាន​ការដំឡើង​តំណែង​ថែមទៀត​។​

​លោក ហ៊ីង ប៊ុន​ហៀ​ង ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក នៅក្រោម​ច្បាប់ GLOBAL MAGNITSKY ដែល​បង្កើតឡើង​ក្នុង​គោលបំណង​បង្កក​ទ្រព្យ​របស់​បុគ្គល​ណា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ,​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​គំរាម​ដល់​ស្ថិរភាព​សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ​ជាដើម​.​។​

​ក្រោយពី​អាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ក្រោម​ការចោទប្រកាន់ថា​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​អះអាង​​ ថា `​«វា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច​។ ជាមួយនឹង​ការ​អស់សំណើច លោក​ហ៊ីង ប៊ុន​ហៀ​ង ក៏បាន​ប្រាប់​ទៅ​អាមេរិក​វិញ​ថា ឲ្យ​ដកយក​ទ្រព្យសម្បត្តិ​របស់លោក​ឲ្យ​អស់​ចុះ បើ​មាននៅ​អាមេរិក​…»៕