​ដាក់​ថ្នាំ​សណ្តំ​ក្នុង​កាហ្វេ​បំពុល​សន្តិសុខ​រោងចក្រ​រ៉ូ​ស៊ី​ង​៦​នាក់​រួច​លួច​ខោ​និង​ម៉ូតូ​អស់​ជាង​១០​ម៉ឺន​ដុល្លារ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2014 ក+ ក-

ភ្នំពេញ​៖ សន្តិសុខ​EPM ៦​នាក់​ដែល​យាម​នៅ​រោងចក្រ​រ៉ូ​ស៊ី​ង​ត្រូវគេ​ប្រទះ ឃើញ​ដេក​សន្លប់​ស្តូកស្តឹង ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ឯកជន​។​ករណីនេះ​ត្រូវគេ​សង្ស័យថា​មាន​សន្តិសុខ​ដូចគ្នា​ដាក់​ថ្នាំ​សណ្តំ​ក្នុង​កាហ្វេ​រួច​ចូល​លួច​ខោ​ក្នុង​រោងចក្រ​យក​អស់​២៥.០០០​ខោ និង​ម៉ូតូ​១​គ្រឿង​ដឹក​២​រថយន្ត​ហើយ​គេចខ្លួនបាត់ គិត​ជា​ទឹកប្រាក់​ប៉ាន់ស្មាន​ជាង​១០​ម៉ឺន​ដុល្លារ​។​

​ហេតុការណ៍​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៣​កញ្ញា នៅ​រោងចក្រ​រ៉ូ​ស៊ី​ង​ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

អ្នករាយការណ៍​ព័ត៌មាន​បាន​ដកស្រង់​សំដី​ប្រធាន​រដ្ឋបាល​ថា ក្រុម​សន្តិសុខ​ឯកជន​នោះ​មកពី​ក្រុមហ៊ុន EPS មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្លែង​រលើង​សង្កាត់ ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ រោងចក្រ​រ៉ូ​ស៊ី​ង មាន​សន្តិសុខ​យាម​ប្រមាណ​១០​នាក់ ក្នុងនោះ​០៦​នាក់ បាន​ដេក​សន្លប់​ស្តូកស្តឹង ដោយ​ត្រូវ​សន្តិសុខ​ដូចគ្នា​ដាក់​ថ្នាំ​សណ្តំ​ក្នុង​កាហ្វេ​ឲ្យ​ផឹក ហើយ​ចូល​លួច​ខោ​ក្នុង​រោងចក្រ​។ មុនពេល​កើតហេតុ សន្តិសុខ​ជា​ជនសង្ស័យ​ចំនួន​០៤​នាក់​បាន​ទិញ​កាហ្វេ​ហើយ​ដាក់​ថ្នាំ​ស​ណ្តាំ ឲ្យ​សន្តិសុខ​ដូចគ្នា​ចំនួន​៦​នាក់​ផឹក​រហូត​សន្លប់​លែង​ដឹងខ្លួន​អស់​ទើប ពួកគេ​រើ​យក​ខោ​ម៉ាក​H&M​ចំនួន​២៥.០០០​ខោ ដោយ​ដឹក​តាម​រថយន្ត​ចំនួន​២​គ្រឿង និង​យក​ម៉ូតូ​សន្តិសុខ​ដូចគ្នា​ចំនួន​១​គ្រឿង​ទៀត ទើប​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

បន្ទាប់ពី​មានការ​ភ្ញាក់ផ្អើល​ឃើញ​សន្តិសុខ​ទាំង​៦​សន្លប់​ក៏បាន​នាំគ្នា​ជួយ​ដឹក​យកទៅ​សង្គ្រោះ​គ្លីនិក​ឯកជន ចំណែក​សមត្ថកិច្ច​មូ​​លដ្ឋា​ន និង​ខាង​រោងចក្រ​បាន​សហការគ្នា​ស្រាវជ្រាវ​ស្វែងរក​មុខសញ្ញា​ខាងលើនេះ​យ៉ាង​យកចិត្តទុកដាក់​៕

Untitled-1