ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបិទសន្និបាត និងលើកទិសដៅផែនការសកម្មភាពការងារអាណត្តិទី១ ឆ្នាំ ២០១៨-២០២០ របស់សមាគមមិត្តតន្ត្រីករ កាលពីរសៀលថ្ងៃទី១២ មិថុនា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា បានថ្លែងគូសបញ្ជាក់ថា វប្បធម៌របស់ជាតិ ទាំងរូបិយក្តី ទាំងអរូបិយក្តី អ្នកដែលត្រូវបន្តវេនថែរក្សាគឺយុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋទាំងអស់គ្នា។
ដោយឡែកលោក យន់ ខៀន ប្រធានសមាគមមិត្តតន្ត្រីករក៏បានលើកឡើងស្រដៀងគ្នាទៅនឹង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែរថា យុវជន គឺជាអ្នកថែរក្សានូវអ្វីដែលជារបស់ជាតិដូចជាភ្លេង បុរាណជាដើម។ លោកថា បើយើងមិនចេះលេងភ្លេងខ្មែរទេ ក៏សូមត្រឹមតែបានស្គាល់ អោយតម្លៃ និងថែរក្សាវាទៅបានហើយ តែបើចេះលេងទៀតគឺកាន់តែល្អ។
សូមជម្រាបថា៖ សមាគមមិត្តតន្ត្រីករត្រុូវបានបង្កើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីជួយ ជម្រុញការអភិរក្ស ថែរក្សា និងលើកស្ទួយគ្រប់ទម្រង់តន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយសមាគមបាន ដាក់ចេញនូវផែនការអាទិភាពដ៏មានសារសំខាន់មួយគឺ បើកថ្នាក់បង្រៀនតន្ត្រី,ថតតន្ត្រី និងចម្រៀងខ្មែរ ដើម្បីចងក្រងជាឯកសាររក្សាទុក និងរៀនសូត្របន្ត ព្រមទាំងការរៀបចំពិព័ណ៌តន្ត្រីខ្មែរ មានឧបករណ៍ តន្ត្រីជាដើម៕