ភ្នំពេញ ៖ កាលពីព្រឹកមិញនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជួបប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌល រាជធានី ខេត្ត និងសិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់គណបេក្ខជន។
លោក ឌុច សុន សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា កាលបរិ ច្ឆេទ និងពេលវេលាទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត បានចាប់ផ្តើមទទួលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ និងបានបញ្ចប់នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០១៨ ហើយមុននឹងបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតផ្លូវការតាមមណ្ឌលនីមួយៗ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានកិច្ចការដែលត្រូវធ្វើ តាមលំដាប់លំដោយជាច្រើន។ ក្នុងកិច្ចប្រជុំនេះដែរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានស្នើ អោយគណបក្សនយោបាយទាំងអស់ដែលចូលរួមការបោះឆ្នោតអនុវត្តអោយបានត្រឹមត្រូវទៅតាមនីតិវិធី នៃការបោះឆ្នោត ហើយត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធ្វើការដោះ ស្រាយនូវបញ្ហាណាមួយដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីញ៉ាំងអោយការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន ទាំងអស់គ្នា។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក៏មានការលើកឡើងពីតំណាងគណបក្សនយោបាយអំពីបញ្ហាមេភូមិ ដែលបានបង្ហាញវត្តមាននៅជិតការិយាល័យបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត ដោយតំណាងគណបក្សនយោ បាយលើកឡើងនាពេលនេះថា វត្តមានរបស់មេភូមិនៅជិតការិយាល័យបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតបានធ្វើ អោយអ្នកបោះឆ្នោតភិតភ័យ ហើយជាការឆ្លើយតបអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត លោក ទេព នីថា បានសុំអោយមានការថ្លឹងថ្លែងអោយបានច្បាស់លាស់អំពីបញ្ហានេះ។
សូមជម្រាបជូនថា៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះមានគណបក្សនយោបាយចូលរួមចំនួន ២០ ដើម្បីដណ្តើមកៅអីក្នុង រដ្ឋសភាចំនួន ១២៥៕