ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញលិខិតជូនដំណឹងមួយ ដោយស្នើដល់ថៅកែរោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុញ្ញាឲ្យកម្មករ-នយោជិតឈប់សម្រាក រយៈពេល៣ថ្ងៃ ដើម្បីអាចទៅចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ខែចុងខែកក្កដាខាងមុខ។
សេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹង ថា យោងតាមលិខិតលេខ៩៦១ គ.ជ.ប ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គឺក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ និងនាយករោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ជ្រាប ថា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់កម្មករ-នយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ម្ចាស់ នាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករ-នយោជិត បានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ ជូនកម្មករ-នយោជិតដដែល។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ និងនាយករោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ព្រមទាំងកម្មករ-នយោជិត នឹងអនុវត្ដតាមសេចក្ដីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព។មេដឹកនាំសហជីពសាទរ និងស្វាគមន៍ចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានស្នើដល់ថៅកែរោងចក្រ សហគ្រាស និងគ្រឹះស្ថាន អនុញ្ញាតឲ្យកម្មករ-នយោជិតបានឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីអាចទៅចូលរួមការបោះឆ្នោត ជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ដ។
សូមជម្រាប ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតនេះ។ មន្ដ្រីគណបក្សនយោបាយទាំង២០នេះ តែងតែជំរុញ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-នយោជិត កុំភ្លេចនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយគ្មានការបង្ខិតបង្ខំណាមួយឡើយ៕