ជនភៀសខ្លួនមកពីទ្វីបអាហ្វ្រិក បានបន្តនាំគ្នាពពាក់ពពូនផ្សងគ្រោះថ្នាក់ឆ្លងសមុទ្រម៉េឌីទែរ៉ាណេ ដើម្បីចូលមកកាន់ទឹកដីអឺរ៉ុប តាមរយៈប្រទេសអ៊ីតាលី។ គ្រោះអកុសលបានកើតឡើងមួយបន្ថែមទៀត កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី ១៩ មេសា ដោយនាវាដឹកជនភៀសខ្លួន ចំនួនជាង៧រយនាក់ បានលិចនៅក្នុងសមុទ្រ បន្ទាប់ពីបានចេញដំណើរ ពីប្រទេសលីប៊ី បានជាងមួយរយគីឡូម៉ែត្រ។ មានប្រតិកម្មផ្ទួនៗ ពីសំណាក់ថ្នាក់ដឹកនាំនានា ដោយបានចោទត្រង់ៗ ទៅលើនយោបាយអន្តោប្រវេសន៍ របស់សហភាពអឺរ៉ុប ថាគ្មានបានលទ្ធផល ហើយថែមទាំង ធ្វើឲ្យមានអ្នកស្លាប់ កាន់តែច្រើន។
កាល ពីថ្ងៃអាទិត្យ ទី ១២មេសា នាវាដឹកជនភៀសខ្លួនចំនួន ៤០០ នាក់ បានលិចបាត់ មិនទាន់រកសាកសពឃើញនៅឡើយផង ពេលនេះ មាននាវាមួយទៀត ដែលដឹកនុស្ស ចំនួន ជាង៧០០នាក់ បានលិចបាត់បន្ថែមទៀត ក្នុងសមុទ្រម៉េឌីទែរ៉ាណេ។ បើគិតចាប់ពីដើមឆ្នាំ២០១៥នេះ មានជនភៀសខ្លួនមកពីទ្វីបអាហ្វ្រិក ជាង១៥០០នាក់ហើយ ដែលបានស្លាប់ ចោលឆ្អឹងក្នុងសមុទ្រម៉េឌីទែរ៉ាណេ សមុទ្រដែលខណ្ឌចែកទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក។
ហេតុការណ៍បានកើតឡើង ក្នុងយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ទី ១៩មេសា។ ក្រុមសង្គ្រោះ បានជួយស្រង់មនុស្សនៅរស់ចំនួន ២៨នាក់ និងសាកសពចំនួន ២៤នាក់។ បើតាមសម្តីរបស់អ្នកដែលនៅរស់ម្នាក់ បានប្រាប់ថា នាវាដែលមានប្រវែង ប្រហែលជាជាង ២០ម៉ែត្រ បានចេញដំណើរពីឆ្នេរប្រទេសលីប៊ី បានចំងាយ ប្រហែលជា ១៣០គីឡូម៉ែត្រ ដោយមានផ្ទុកមនុស្ស ជាង៧០០នាក់ សុទ្ធសឹងជាជនភៀសខ្លួន មកពីទ្វីបអាហ្វ្រិក។ ហេតុការណ៍ដែលបណ្តាលឲ្យលិច ដោយសារតែមនុស្សផ្អើលជាន់គ្នា នៅខាងតែម្ខាងនាវា ពេលគេឃើញ មាននាវាធំមួយទៀត បើកមកជិត។ ភ្លាមៗនោះ នាវាក៏ផ្អៀង ហើយលិចតែម្តង។
ប្រឈមមុខ និងគ្រោះថ្នាក់លិចទូកផ្ទួនៗគ្នាបែបនេះ មតិរិះគន់មាន កាន់តែច្រើន ទៅលើគោលនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុប។ បេសកកម្មត្រួតពិនិត្យដែនសមុទ្ររបស់អឺរ៉ុប ដែលអនុវត្តបច្ចុប្បន្ន មានឈ្មោះថា Triton ត្រូវបានគេរិះគន់ថា គ្មានបានលទ្ធផលអ្វីទាំងអស់ ព្រោះវាតម្រូវឲ្យក្រុមត្រួតពិនិត្យ ធ្វើការឃ្លាំមើលតែនៅចម្ងាយ ប្រមាណជាជាង ៥០ គីឡូម៉ែត្រ តែប៉ុណ្ណោះ ពីឆ្នេរអ៊ីតាលី។
លោកនាយករដ្ឋមន្ត្រីប្រទេសម៉ាល់ត៍ បានប្រៀបប្រដូច ហេតុការណ៍ស្លាប់ជនភៀសខ្លួនទាំងនេះ ទៅនឹងអំពើប្រល័យពូជសាសន៍ ដែលពិភពលោកឈរឱបដៃមើល គ្មាននរណាជួយ ឈឺឆ្អាល។ លោកប្រធានាធិបតីបារាំង បានសំណូមពរ ទៅក្រុមប្រឹក្សាអឺរ៉ុប ឲ្យកោះប្រជុំជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងរិះរកវិធី ដើម្បីទប់ស្កាត់គ្រោះអកុសលទាំងនេះ។ យ៉ាងណាមិញ លោកស្រី ម៉ូហ្គឺរីនី ប្រមុខការទូតអឺរ៉ុប បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង២៨ នឹងជួបប្រជុំគ្នាបន្ទាន់ នៅប្រទេសលុចហ្សំបួរ នៅថ្ងៃចន្ទ ទី ២០មេសា។
សូមបញ្ជាក់ថា ជនភៀសខ្លួន អាហ្រិកទាំងនោះ នាំគ្នាផ្សងគ្រោះថ្នាក់ ដើម្បីកសាងជីវិតថ្មី ដោយសារតែនៅតាមប្រទេសខ្លួនជួបគ្រោះទុរភិក្ខ និងការកាប់សម្លាប់ ដោយសង្គ្រាមជាដើម។ នៅពីក្រោយគ្រោះថ្នាក់ទាំងនេះ ក្រុមឈ្មួញបានកេងចំណេញ ឆ្លៀតជួញ ដូរ ដឹកជញ្ជូនជនភៀសខ្លួន ឆ្លងសមុទ្រ ទាំងពុំមានទូក រឺនាវាត្រឹមត្រូវ ហើយម្តងៗដាក់ញាត់ មនុស្សជាន់គរលើគ្នា មិនគិតពីសុវត្ថិភាព។ មធ្យោបាយមួយដែលល្អ ដើម្បីបញ្ចប់គ្រោះថ្នាក់ទាំងនេះ គឺត្រួតពិនិត្យយ៉ាងណា កុំឲ្យនាវាខុសច្បាប់ទាំងនោះ ចេញដំណើរបាន។ មួយវិញទៀត គេគួរបង្កើតជា តំបន់ទទួលជនភៀសខ្លួនទាំងនោះ នៅតាមប្រទេសជាប់ឆ្នេរសមុទ្រ ដូចជា លីប៊ី អាល់ហ្ស៊េរី និងអេហ្ស៊ីប ជាដើម៕RFI
គ្រាន់ តែមួយសប្តាហ៍ ជនអន្តោប្រវេសន៍ ចំនួន ១១០០០ នាក់ បានមកដល់អ៊ីតាលី តាមទូក។ រូបភាព ថតនៅ កំពង់ផែTrapani ថ្ងៃទី ១៧ មេសា ២០១៥REUTERS/Guglielmo Mangiapane