ភ្នំពេញ ៖ ស្ត្រីម្នាក់ស្រែកយំបណ្តើរ រត់បណ្តើរទៅរកប៉ូលីសសុំឲ្យជួយអន្តរាគមន៍ បន្ទាប់ពីដឹងខ្លួនថា ចាញ់ល្បិចក្រុមទម្លាក់យោង ល្បួងបញ្ឆោតយកគ្រឿងអលង្កា អស់មាស៧ជី ខ្សែដៃប្លាទីទម្ងន់៤ជី និងលុយអស់ជាង៧០០ដុល្លារ ហើយក្រុមជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់។
រឿងនេះ បានកើតឡើងនៅវេលាម៉ោង ៩ និង១៥ នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងច្រកចូលរោងចក្រក្រដាស់ កែងផ្លូវមុខផ្សារព្រៃទា ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ យ៉ែម ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិច្រនាងថ្មី ឃុំ ពោធិ៍អង្គ្រង ស្រុកបសេធ ខេត្ត កំពង់ស្ពឺ ។ សម្ភារៈបាត់បង់ គ្រឿងអល័ង្កា ចិញ្ចៀន ខ្សែក ក្រវិល សរុបទម្ងន់៧ជីមាស ខ្សៃដៃប្លាទីនទម្ងន់៤ជី លុយដុល្លាជាង៧០០ដុល្លា និងអត្តសញ្ញាណប័ណផ្ទាល់ខ្លួន កាតការងារ និងឯកសារមួយចំនួនទៀតក្នុងកាបូប ដោយឡែកសម្ភារៈដែលបានមកវិញ គឺគ្រាប់កង់មួយកញ្ចប់ ដាក់ក្នុងកាបូបតូចមួយទុកឲ្យជនរងគ្រោះ។
ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ដើរចេញពីបន្ទប់ជួល បានជួបស្ត្រីជនសង្ស័យម្នាក់ មាឌធាត់ខ្មៅស្រអៀម មកសួរ មានឃើញកាបូបគេជ្រុះបាត់មុននេះដែរអត់ ក្នុងនោះមានមាសលុយជាច្រើន គ្រាន់តែឆ្លើយថាអត់ដឹងផង មិនទាន់ផុតពីមាត់ផង ក៏លេចមុខស្ត្រីសង្ស័យម្នាក់ទៀត សម្បុរស ស្គម ចំណាស់ ជិះម៉ូតូ ឌុបដោយបុរម្នាក់មកប្រាប់ថា កុំមាត់ ពួកគេរើសបាន យើងទុកចែកគ្នា ហើយបានបើកមាត់កាបូបឲ្យមើល ឃើញសុទ្ធតែក្រដាស់ដុល្លា និងលោហៈក្រហមច្រាល ក៏បបួល គាត់ជាជនរងគ្រោះ ឡើងជិះម៉ូតូ២គ្រឿង ចេញពីមុខរោងចក្រ ៣ជាន់ ផ្លូវQMI ទៅដល់ខាងមុខច្រកចូលរោងចក្រក្រដាស់ ទល់មុខផ្សារព្រៃទា ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ឈប់ម៉ូតូ លាតមាត់កាបូបឲ្យម់លម្តងទៀត ប្រាប់ថា រងចាំទៅដូរចែកគ្នា តែហាមមាត់និយាយប្រាប់គេ ថាហើយ ក៏ហុចកាបូបមួយឲ្យជនរងគ្រោះកាន់ រួចក្រុមជនសង្ស័យ ចាប់ដោះយកគ្រឿងអល័ង្កាពីជនរងគ្រោះ និងឆក់យកកាបូបរបស់ជនរងគ្រោះ ប្រាប់ឲ្យនៅចាំ ហើយជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូចាកចេញទៅបាត់ ដោយប្រាប់ថាទៅដូរលុយ ។ ប្រភពបន្តទៀតថា ចាំមួយសន្ធុះមិនឃើញមកវិញ ជនសង្ស័យប្រុសស្រី២នាក់ទៀត ប្រាប់ថាទុកឲ្យពួកគេជិះទៅតាម កុំឲ្យស៊ីដាច់ ថាហើយចេញទៅបាត់ បន្សល់ទុកតែជនរងគ្រោះឈរចាំម្នាក់ឯង ចេះតែងឿងឆ្ងល់ ចុះទៅដូរលុយ មាស យូរម្លេះ លួចបង្ហើបកាបូបមើល ពុទ្ធោ ! នៅក្នុងកាបូប សុទ្ធតែគ្រាប់កង់ ទើបស្រែកទ្រហោយំ ដឹងថាចាញ់ល្បិចក្រុមនោះហើយ ជិះម៉ូតូឌុប ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដែលនៅក្បែរផ្ទះស្នាក់នៅស្រាប់ ។
សមត្ថកិច្ច បានបញ្ជក់ថា បើតាមព័ត៌មានពីស្ត្រីរងគ្រោះ គឺក្រុមជនសង្ស័យទាំងនោះ ជាមនុស្សដដែលៗ ដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន ព្រោះកន្លងមក មានជនរងគ្រោះច្រើននាក់មកហើយដែលត្រូវពួកទាំងនោះគៀបស៊ី។ ជាមួយនេះ សមត្ថកិច្ច ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នកុំចង់បានរបស់គេ ហើយបើសិនជាគេរើសបានរបស់មានតម្លៃពិតមែននោះ គឺគ្មានអ្នកណាចិត្តល្អមកបបួលយើងដែលមិនដឹងរឿងនេះសោះ ទៅចែកគ្នានោះទេ៕