បន្ទាយមានជ័យ៖ មានពលរកខ្មែរក្មេងចាស់ប្រុសស្រី រាប់ពាន់នាក់បាននាំគ្នាសម្រុកទៅធ្វើការនៅប្រទេសថៃវិញ តាមច្រក ប៉ោយប៉ែត និងច្រករបៀងជាប់និងព្រំដែនខ្មែរ-ថៃ បន្ទាប់ពីថៅកែរបស់ពួកគេបាន អនុញ្ញាតឲ្យមកស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំថ្មី។
បើតាមមន្ត្រីនគរបាលអន្តោរប្រវេស៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា នៅថ្ងៃទី២០ មេសា នេះ ពលកររាប់រយនាក់បាននាំគ្នាសម្រុកទៅធ្វើការនៅប្រទេសថៃវិញ ក្រោយ ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់។
យ៉ាងណាក៏ដោយពលករខ្មែរទាំងនោះ ក៏បានស្នើដល់សមត្ថកិច្ចដែលឈរជើងនៅតាមច្រករបៀងជាប់ព្រំដែនខ្មែរ ថៃមេត្តាជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេផងដែរ ។
ជាមួយគ្នានោះផងដែរសមត្ថកិច្ចប៉ោយប៉ែត និងនគរបាលអន្តោប្រវេស៍បានសហការគ្នាដើម្បីសម្រួលដល់ការកកស្ទះចរាច រណ៍នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
បើតាមរបាយការណ៍ របស់ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៥នេះ កម្ពុជាមានពលករទៅបម្រើការងារនៅបរទេសជាង៧២ម៉ឺននាក់ ក្នុងនោះមានពលករស្របច្បាប់ និងមិនស្របច្បាប់ប្រមាណ ៦៤ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសថៃ៕