ខេត្តព្រះសីហនុ ៖ ក្រសួងធនធានទឹកបាន ចេញសេចក្តីប្រកាសនៅថ្ងៃនេះអោយដឹងថាព្យុះភ្លៀង និងរលកសមុទ្រធំៗ កំពុងបោកបក់ខ្លាំងនាទីប្រជុំជនក្រុងព្រះសីហនុ និងនៅលើលំហសមុទ្រ។
ទន្ទឹមគ្នានេះ កប៉ាល់ ឬទូកដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមបណ្តាកោះមួយចំនួន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីរង់ចាំមេឃស្រឡះ ឲ្យអាកាសធាតុមកសភាពធម្មតាវិញទើបចេញដំណើរ។
ទាក់ទិនបញ្ហាអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ទឹកភ្លៀងនឹងធ្លាក់ខ្លាំងជាបន្ដបន្ទាប់នៅតំបន់សមុទ្រ និងមានខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកធំៗ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨បង្ហាញថា ខ្យល់មូសុងនិរតីខ្លាំង កំពុងបង្កើនឥទ្ធិពលមកលើប្រទេសកម្ពុជា និងបណ្ដាលឲ្យរាជធានី-ខេត្តផ្សេង មានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ចាប់ពីមធ្យមទៅបង្គួរ និងបណ្តាខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ច្រើន។ ហើយផ្ទៃសមុទ្រមានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។
ផ្តើមពីបញ្ហានេះ ក្រសួងធនធានទឹក ស្នើដល់អ្នកធ្វើដំណើរតាមសមុទ្រ និងអ្នកនេសាទតាមសមុទ្រ គួរផ្អាកសកម្មភាព របស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ៕