ប៉ោយប៉ែត ៖ ច្រកខ្លោងទ្វារអន្តរជាតិ និងរង្វង់មូលក្រុងប៉ោយប៉ែត នឹងស្ថាបនាហើយរួចរាល់នៅចុងឆ្នាំ២០១៩ ខាងមុខ នេះ ដើម្បីផ្លាស់ប្តូរសោភ័ណ្ឌភាព ច្រកព្រំដែនផ្នែកខាងភាគីកម្ពុជា ឲ្យកាន់តែស្រស់ត្រកាល និងជាការលើកកម្ពស់កិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះបើតាមលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត។
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចេញចូលកម្ពុជា ថៃ ដោយកាត់យកកំពូលប្រាសាទបី នៃខ្លោងទ្វារចាស់នៅថ្ងៃទី១៨ខែមិថុនា នេះ ត្រូវបានអាជ្ញាធរចាប់ផ្ដើមរុះរើ ដើម្បីយកទៅបន្តុបលើរង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់វិញហើយ។
សូមជម្រាបថា ប្រាសាទកំពូលបីនៃខ្លោងទ្វារច្រកព្រំដែននេះ ត្រូវបានសាងសង់តាំងពីឆ្នាំ១៩៨០ និងបានក្លាយជានិមិត្តរូបមួយរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នករស់នៅ និងប្រកបអាជីវកម្មក៏ដូចជាភ្ញៀវបរទេស ដែលធ្លាប់ឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះញឹកញាប់។
មន្ត្រីអាជ្ញាធរក្រុងប៉ោយប៉ែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី និងរង្វង់មូលឋានសួគ៌ក្រុងប៉ោយប៉ែត គ្រោងនឹងសាងសង់បញ្ចប់រួចរាល់នៅចុងឆ្នាំ២០១៩ ខាងមុខនេះ៕