ឥណ្ឌូនេស៊ី នឹង​បញ្ជូន​ឥស្សរជន​២​ក្រុម មក​ពិនិត្យ​ការបោះឆ្នោត​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានទទួល​ជួប​លោក ស៊ូ ឌី​រ៉ា​ម៉ាន់ ហាស់​សេន (SUDIRMAN Haseng ) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ចូលជួប​សម្តែង​ការគួរសម​។​

​បន្ទាប់ពី​ចប់​ជំនួប​ពិភាក្សា លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​មាន​ប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន ស្វាគមន៍​ការចូល​កាន់ការ ងារ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី និង​អបអរសាទរ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ​២០១៩-២០២០​។​

​លោក​ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក៏បាន​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ឥណ្ឌូនេស៊ី ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មិន​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​។​

​ក្នុងជំនួប​នា​ព្រឹក​មិញ​នេះ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ក៏បាន​បញ្ជាក់ថា ឥណ្ឌូនេស៊ី នឹង​បញ្ជូន​អ្នកសង្កេតការណ៍​២​ក្រុម​មក​ចូលរួម​សង្កេត​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។ អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នោះ គឺ​សុទ្ធតែជា​ឥស្សរៈជន​សំខាន់ៗ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី ហើយនឹង​ខិតខំ​ជំរុញ​បន្ថែមទៀត ទាំង​ផ្នែក​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ឲ្យ​កាន់តែច្រើន​។ ក្រុមហ៊ុន​ទេសចរណ៍​ឥណ្ឌូនេស៊ី មាន​គម្រោង​ហោះហើរ​ត្រង់​មក​កម្ពុជា ភាគី​កម្ពុជា​ស្វា​គម៍​គម្រោង​ហោះហើរ​ត្រង់នោះ​។ កាលពី​ឆ្នាំ​២០១៦​ឥណ្ឌូនេស៊ី បានផ្តល់​អាហា​រូប​ករ​ណ៏​ដល់​និ​ស្សុ​ត​កម្ពុជា ចំនួន​ជាង​២០០​កន្លែង​។ ភាគី​ទាំងពីរ​ជំរុញ​បង្កើន​កិច្ចសហការ​ផ្នែក​អប់រំ​នេះ​ផងដែរ​។​

​ឯ​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់ថា ឯកឧត្តម​នឹងចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​។ ឥណ្ឌូនេស៊ី បានផ្តល់​ការហ្វឹកហាត់​ដល់​កងក​ម្លាំ​ង​កម្ពុជា នាពេល​កន្លងមក​។ កម្ពុជា និង​ឥណ្ឌូនេស៊ី មាន​កិច្ច​សហការគ្នា​បានល្អ​លើ​ឆាក​អន្តរជាតិ​។​
​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ជំហរ​កម្ពុជា​គាំទ្រ​បេក្ខភាព​ឥណ្ឌូនេស៊ី លើ​ឆាក​អន្តរជាតិ ហើយ​ឥណ្ឌូនេស៊ី បាន​គោរព​អធិបតេយ្យភាព និង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​៕


(​ លោក SUDIRMAN Haseng  ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី )