ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៥៩គ្រួសារក្រោយពីពួកគាត់រស់នៅមិនមានប័ណ្ណកម្មសិទ្ធិស្របច្បាប់ជាង៧ឆ្នាំកន្លងមកនៅតំបន់សំណង់មិនរាបរយក្នុងបុរីឧទ្យានតាង៉ូវស្ថិតក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញនិងបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបង់ព័ន្ធប្រថាប់ត្រាកុំអោយលើសថ្ងៃទី៣១ធ្នូ២០១៨នេះ។
ពិធីនេះធ្វើឡើង ក្រោមវត្តមាន លោក ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលរងរាជធានី មន្ទីរពាក់ព័ន្ធ និង អភិបាលខណ្ឌច្បារអំពៅ រួមទាំងប្រជាពលរដ្ឋចូលរួមជាច្រើនរយនាក់ផងដែរ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងរិយោដីរាជធានីភ្នំពេញ បានលើកឡើងថា ប្រជាពលរដ្ឋដែលត្រូវបានទទួលប័ណ្ណកម្មសិទ្ធិនេះមានចំនួន២៥៩គ្រួសារឬ ខ្នងផ្ទះ ដោយប្រជាពលរដ្ឋត្រូវបង់ត្រឹមតែ៨ម៉ឺនរៀលប៉ុណ្ណោះ ទទួលបានប័ណ្ណ ពេលបងប្អូនបានប័ណ្ណនេះហើយ បងប្អូនអាចយកទៅផ្ទេរកម្មសិទ្ធិបានតែម្តង ហើយតម្លៃនៃការផ្ទេរនេះត្រឹមតែ៦០ម៉ឺនរៀល រត់ការដោយខ្លួនឯងផ្ទាល់។
នាឱកាសនោះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មានផលប្រយោជន៍២យ៉ាងពោលគឺបងប្អូនប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ច្រើន មានលំនឹងពិតប្រាកដដោយមានផ្ទះនៅស្របច្បាប់ អាចយកទៅដាក់ធនាគារយកលុយមកប្រើប្រាស់បាន។ចំណែករដ្ឋវិញបានទទួលប្រាក់ពីការបង់ពន្ធអចលនទ្រព្យនេះផងដែរ ។
អភិបាលបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋមួយចំនួនមិនបានផ្ទេរកម្មសិទ្ធិស្របតាមច្បាប់ទេ គឺផ្ទេរពីម្ចាស់មួយទៅម្ចាស់មួយទៀតដោយមិនបានបង់ព័ន្ធប្រថាប់ត្រាមានបងប្អូនខ្លះផ្ទេរបន្តគ្នាពីមួយទៅមួយទៀតរហូតដល់៤ទៅ៥នាក់ជាប់គ្នា។ បើតាមច្បាប់គឺបងប្អូនត្រូវទៅបង់ព័ន្ធប្រថាប់ត្រានេះតាមចំនួនដងនេះ។ ប៉ុន្តែដោយមើលឃើញពីការលំបាកនេះ ទើបសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេច សម្រួលអោយបងប្អូនប្រជាពលរដ្ឋមកបង់ពន្ធត្រឹមតែម្តងលើកចុងក្រោយ ។
គួររំលឹកថាដោយមើលឃើញពីទុក្ខលំបាកនិងការខ្វះខាតរបស់ពលរដ្ឋទើបសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចកាត់ចោលការបង់ពន្ធច្រើនដំណរមកបង់ត្រឹមម្តងសម្រាប់ម្ចាស់កម្មសិទ្ធិចុងក្រោយក៏ប៉ុន្តែការអនុគ្រោះបង់ពន្ធប្រថាប់ត្រានេះត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុញ្ញាតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨នេះតែប៉ុណ្ណោះ។ហេតុនេះសម្រាប់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យឬចលនទ្រព្យដែលយល់ថាខ្លួនបានផ្ទេរកម្មសិទ្ធិកាន់កាប់ពីម្ចាស់កម្មសិទ្ធិមុនៗដោយមិនទាន់បង់ពន្ធជូនរដ្ឋអាចធ្វើការបង់ពន្ធចាប់ពីពេលនេះតទៅ៕