ភ្នំពេញ ៖ ដើម្បីបង្ករភាពងាយស្រួលដល់អ្នកធ្វើដំណើរជាតិ និងអន្តរជាតិតាមសេវាកម្មដឹកជញ្ជូនតាមរថយន្តក្រុងក្នុងរាជធានីភ្នំពេញ រដ្ឋបាលសាលារាជធានីភ្នំពេញបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកាតអេឡិកត្រូនិចដើម្បីទូទាត់សាច់ប្រាក់នៅពេលធ្វើដំណើរម្តងៗ ដោយមិនបាច់ប្រើសាច់ប្រាក់ដោយផ្ទាល់ក៏បាន។
ក្នុងពិធីប្រកាសដាក់អោយដំណើរការ កាតទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៨នៅចំណតរថយន្តក្រុងទីលានប្រជាធិបតេយ្យ ខណ្ឌឬស្សីកែវ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា សេវាកម្មប្រើប្រាស់កាតអេឡិចត្រូនិក សំរាប់ទូទាត់សាច់ប្រាក់ នៅពេលធ្វើដំណើរតាមរថយន្តក្រុងម្តង គឺវាបង្ករភាពងាយស្រួលដល់អ្នកដំណើរគ្រប់ប្រភេទ ទាំងជាតិ និងអន្តរជាតិ ហើយក៏បញ្ជាក់អោយបានឃើញកាន់តែច្បាស់ពីការរីកចំរើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា របស់កម្ពុជា ទាំងនៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសផងដែរ។
លោក អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា ការប្រើប្រាស់កាតអេឡិចត្រូនិកទូទាត់សាច់ប្រាក់នៅលើសេវាកម្មរថយន្តក្រុងនេះ គឺរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសហការជាមួយក្រុមហ៊ុនវីង ជាអ្នកលក់កាតអេឡិចត្រូនិកជូនអតិថិជនដើម្បីបង្ករភាពងាយស្រួល ព្រោះថាបច្ចុប្បន្ននេះ មានអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញបានកើនឡើងដល់ជាង២ម៉ឺននាក់ក្នុង១ថ្ងៃ។
លោក អភិបាលបញ្ជាក់ទៀតថា ការប្រើប្រាស់រថយន្តក្រុង ក្រៅពីជួយសម្រួលការធ្វើដំណើរ ក្នុងរាជធានី និងការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ការគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានផងដែរ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងបានថ្លែងថា ប្រព័ន្ធទូទាត់តាមកាតអេឡិចត្រូនិក សំរាប់អ្នកដំណើរតាមរថយន្តក្រុង គឺមានចំនួន១៤៥៩ ដែលពួកគាត់បានប្រើប្រាស់រថយន្តក្រុងចំនួនជាង៥ម៉ឺន២ពាន់ដង។ ការដែលប្រើប្រាស់កាតអេឡិចត្រូនិចនេះ គឺវាមានភាពងាយស្រួលសំរាប់ការគ្រប់គ្រងចំណូលនិងទិន្ន័យអតិថិជន។
លោក អ៊ាន សុឃីម បញ្ជាក់ថា សំរាប់កាតអ្នកជិះរថយន្តក្រុងមានពីរប្រភេទ ប្រភេទពណ៌ខៀវ គឺសំរាប់ សិស្ស មនុស្សចាស់ ព្រះសង្ឃ កម្មករ-កម្មការិនី ជនពិការ កីឡាករ កីឡាការិនី និងកុមារដែលមានកំពស់ក្រោម១ម៉ែត្រ ដែលអាចជិះរថយន្តក្រុងចំនួន១៨០ដងដោយឥតគិតថ្លៃ ហើយកាតនេះ លក់ក្នុងតម្លៃ៤ពាន់រៀល។ ចំពោះកាតពណ៌បៃតង មានតម្លៃ៦ពាន់រៀល និង១ម៉ឺនរៀល សំរាប់អ្នកដំណើរទូទៅ អតិថិជនអាចបញ្ជូលទឹកប្រាក់ទៅក្នុងកាត បាននៅគ្រប់ភ្នាក់ងារវីគ្រប់ទីកន្លែង។
គួរបញ្ជាក់ថា បច្ចុប្បន្នមានរថយន្តក្រុងចំនួន១៥៥គ្រឿង ដែលកំពុងរត់លើផ្លូវសំខាន់ៗចំនួន៨ខ្សែ ក្នុងរាជធានីភ្នំពេញ ហើយមានអ្នកជិះជាមធ្យមចន្លោះពី២០០០០នាក់ ទៅ២១០០០នាក់ ដែលធ្វើដំណើរប្រចាំថ្ងៃ តាមរថយន្តក្រុងសាធារណៈទាំង៨ខ្សែនេះ៕