កណ្តាល ៖ ឪពុកម្តាយជនរងគ្រោះម្នាក់ បានអង្គុយរៀបរាប់ទាំងទឹកភ្នែកស្រែករកយុត្តិធម៌ជូនកូនរបស់គាត់ដែលត្រូវក្រុមជនល្មើស៥នាក់ កាប់សម្លាប់យ៉ាងព្រៃផ្សៃតែទីបំផុតជនល្មើស៥នាក់ ដែលពាក់ព័ន្ធ កំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងមានសេរីភាព ។
ការដែលពួកគាត់យំស្រែកយុត្តិធម៌បែបនេះ គឺបន្ទាប់ពីសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្រេចលើកពេលសវនាការជាលើកទី៣ ដែលធ្វើឱ្យប្តីប្រពន្ធ ជាដើមបណ្តឹង សម្តែងការមិនពេញចិត្តជាខ្លាំង ។ពួកគេទាំងពីរនាក់ក្នុងនាមដើមបណ្ដឹង ស្នើដល់សម្តេចតេជោ ជួយរកយុត្តិធម៌ និង សូមឱ្យតុលាការខេត្តកណ្ដាល ពន្លឿននីតិវិធីឱ្យបានឆាប់រហ័ស ។
បើតាមឯកសារដែលអ្នកព័ត៌មានយើងទទួលបានពីដើមបណ្តឹងបានបង្ហាញថា អំពើហឹង្សាមានស្ថានទំងន់បណ្តាលឱ្យមនុស្សស្លាប់ខាងលើ គឺស្ថិតក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២០៥ អ.ក ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ មានជនជាប់ចោទ៥នាក់ ៖ទី១ឈ្មោះផេង ណារ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ (ក្រៅឃុំ),ទី២ឈ្មោះយ៊ិន វាសនា ហៅ កែម វាសនា ភេទប្រុស អាយុ១៩ឆ្នាំ (គេចខ្លួន), ទីទី៣ឈ្មោះថាំង ម៉េងហួយ ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ (ក្រៅឃុំ),ទី៤ឈ្មោះឈុន រតនៈ ហៅ មឿន ណាក់ ភេទប្រុស អាយុ១៨ឆ្នាំ (ក្រៅឃុំ) និងទីទី៥ឈ្មោះចន ភស្ត្រា ភេទប្រុស អាយុ២០ឆ្នាំ (គេចខ្លួន) ។
ជនជាប់ចោទទាំង៥នាក់ ត្រូវបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ”តាមមាត្រា២២៤នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។ ចំណែកជនរងគ្រោះក្នុងសំណុំរឿងនេះឈ្មោះ មឿន រ៉ូហ្សា ភេទប្រុស អាយុ២២ឆ្នាំ ។
លោកសុខ វណ្ណនី និងប្រពន្ធ ប្រាប់ក្រុមអ្នកសារព័ត៌មាន ថា កូនប្រុសត្រូវបានក្រុមជនល្មើសកាប់សម្លាប់យ៉ាងព្រៃផ្សៃ តែរហូតមកទល់ពេលនេះ គ្មានជនល្មើសណាមួយត្រូវបានចាប់ខ្លួនដើម្បីផ្តន្ទាទោសតាមច្បាប់ទេ ។ក្នុងនាមដើមបណ្ដឹង ពួកគេចង់បានតែយុត្តិធម៌ប៉ុណ្ណោះ ។
ប៉ុន្ដែនីតិវិធីរបស់សាលាដំបូងខេត្តកណ្ដាល ហាក់យឺតយ៉ាវជាទីបំផុត ដែលសវនាការបានលើកពេល៣ដងមកហើយ ។ពួកគេសង្ឃឹមថា សម្តេចតេជោ នឹងជួយរកយុត្តិធម៌ផង ។ ពួកគេពិតជាឈឺចាប់ណាស់ ដែលកូនប្រុសត្រូវគេកាប់សម្លាប់ហើយ តែក្រុមជនល្មើសបែរជាកំពុងរស់នៅក្រៅសំណាញ់ច្បាប់យ៉ាងមានសេរីភាពបែបនេះ ៕