ភ្នំពេញ ៖ បន្ទាប់ពីបានបើកសម្ពោធពិព័ណ៌កិច្ចសហប្រតិបត្តិការយោធា កម្ពុជា.ចិន រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ វៃ ហ្វេងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន អមដំណើរដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃដដែលនោះ ។
ក្នុងឱកាសអញ្ជើញទៅដល់គណៈប្រតិភូបានអញ្ជើញទស្សនានូវសមិទ្ធិផលមួយចំនួននៅក្នុងមន្ទីរពេទ្យ ដែលបានផ្ដល់ដោយកងទ័ពរំដោះប្រជាជនចិន ជួនដល់មន្ទីរពេទ្យព្រះកេតុមាលាកន្លងមក សំរាប់ជួយព្យាបាលដល់កងទ័ពដែលមានជំងឺ និងរបួស ទូទាំង ខ.ភ.ម ។
ក្នុងជំនួយទាំងនោះមានជាអាគារសំភារៈបច្ចេកទេសព្យាបាលដ៏ទំនើប សំរាប់ព្យាបាលគ្រប់ប្រភេទជំងឺ ព្រមទាំងបានផ្តល់វេជ្ជបណ្ឌឹតបច្ចេកទេសក្នុងការព្យាបាល និងជួយបណ្តុះបណ្តាលដល់គ្រូពេទ្យកងទ័ពកម្ពុជាបានជាច្រើននាក់ថែមទៀតផង ។
គណៈប្រតិភូបានក៏បានអញ្ជើញទស្សនាការព្យាបាលជំងឺជូនកងទ័ពនិងប្រជាជន របស់ក្រុមគ្រូ ពេទ្យ មន្ទីរពេទ្យព្រះកេតុមាលាកម្ពុជា និងក្រុមអ្នកឯកទេស វេជ្ជបណ្ឌិត មកពីសកល វិទ្យាល័យ វេជ្ជសាស្ត្រ កងទ័ពជើងទឹក សាធារណរដ្ឋប្រជាមានិតចិន ដែលមានក្រុមជំនាញឯកទេសពិគ្រោះពិនិត្យ និងព្យាបាលជម្ងឺ ដោយឥតគិតថ្លៃផងដែរ។ការពិគ្រោះពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញទាំងនេះ មានរយៈពេលចំនួន ៤ ថ្ងៃមកហើយគឺ ចាប់ពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០ ១៨ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ នេះលើមុខជំងឺមានដូចជា៖ចុះពិគ្រោះពិនិត្យនិងព្យាបាលជម្ងឺ ចំនួន ២២ឯកទេស រួមមានដូចជា ផ្នែកបេះដូង និងសរសៃឈាម, ផ្នែកសួត, ផ្នែកប្រព័ន្ធរំលាយអាហារ, ផ្នែកវះកាត់ទូទៅ, ផ្នែកវះកាត់ដើម ទ្រូង-ផ្នែកវះកាត់ឆ្អឹងខ្នង, ផ្នែកប្រព័ន្ធប្រសាទ, ផ្នែកតម្រងនោម, ផ្នែកភ្នែក ត្រចៀក ច្រមុះនិងបំពង់ក, ផ្នែកមាត់ធ្មេញ, ផ្នែករោគស្ត្រី, ផ្នែករលាក, ផ្នែកជម្ងឺកុមារ, ផ្នែកសើរស្បែក, ផ្នែកពេទ្យបុរាណ, ផ្នែកថ្នាំ សណ្តំ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកជម្ងឺឆ្លង, ផ្នែកអេកូសាស្ត្រ និងផ្នែករូបភាព វេជ្ជសាស្ត្រ។
នាយឧត្តមសេនីយ៍ វៃ ហ្វេងហឺ (WEI FENG HE) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះកេតុមាលា ដែលបានពុះពារក្នុងការបំពេញតួនាទីភារកិច្ច ពិសេសការព្យាបាលជំងឺជូនដល់នាយទាហាន ពលទាហាន ព្រមទាំងការកសាង អភិវឌ្ឍន៍មន្ទីរពេទ្យ របស់ឲ្យមានការរីកចម្រើន ។ លោក បានថ្លែងថា បច្ចុប្បន្នចិននិងកម្ពុជា មានទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងវិស័យការពារជាតិផងដែរ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ថា ចិននៅតែបន្តការគាំទ្រជាបន្តទៅ ទៀតដល់ ប្រទេសកម្ពុជា និង ខ.ភ.ម ក្នុងនោះបន្តផ្តល់ជំនួយសម្ភារៈ និងការហ្វឹកហ្វឺនដល់មន្ទីរពេទ្យ ដើម្បីមាន សមត្ថភាពនិងលទ្ធគ្រប់គ្រាន់ក្នុងកិច្ចការព្យាបាលកងទ័ព និងប្រជាជនកម្ពុជា ៕