ភ្នំពេញ ៖ ពិធីបូជាសពអ្នកម្នាង អ៊ុក ផល្លា នឹងត្រូវប្រារព្ធឡើងព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ប៉ុន្តែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យប្រទេសថៃ មិនទាន់បានដឹងពីមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា នៅឡើយទេ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ មេគង្គ ប៉ុស្តិ៍ នៅថ្ងៃទី១៩ ខែមិថុនា នេះ។
លោក យូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា សម្ដេចក្រុមព្រះ បានបានរងរបួសបាក់ឆ្អឹងដងកាំបិត ស្រាំឆ្អឹងជំនី និងបាក់ជើងខាងឆ្វេង ហើយត្រូវបាន បញ្ជូនទៅព្យាបាលនៅប្រទេសថៃ កាលពីម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមិថុនា។
លោក យូ ហុកគ្រី បញ្ជាក់ថា ព្រះរាជសុខភាពរបស់សម្ដេចក្រុមព្រះ បានធូរស្បើយខ្លះហើយ។ ខណៈនេះ ព្រះរាជបុត្រ (ព្រះរាជបុត្ររបស់សម្ដេចក្រុមព្រះ និងម្ចាស់ក្សត្រី ម៉ារី) កំពុងនៅថែសម្ដេចក្រុមព្រះដោយផ្ទាល់ និងមិនអនុញ្ញាតឲ្យមានការសួរសុខទុក្ខនោះទេ។
គួររំលឹកថា ថ្មីៗនេះ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានស្នើឲ្យរាជរដ្ឋាភិបាល និងជាពិសេសក្រសួងមហាផ្ទៃ បើកការស៊ើបអង្កេតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះផងដែរ។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា បានរងរបួសធ្ងន់ធ្ងរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវពីខេត្តកំពត ឆ្ពោះទៅខេត្តព្រះសីហនុ ខណៈព្រះអង្គយាងចូលរួមក្នុងពីធីជួបជុំសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សហ្វុនស៊ុនប៉ិច នៅក្រុងព្រះសីហនុ៕