កណ្តាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ និងមានការសម្របសម្រួលពីលោក ឯក សុ៑នរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ បានចុះបង្ក្រាបទីតាំងចាក់ភ្នាល់បាល់, កេណូ និងកន្ទុយលេខខុសច្បាប់ មួយកន្លែង ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជ្រកក្រោមស្លាកយីហោ ស្ពតកាហ្វេ ។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៦នាក់ ក្នុងនោះមានបុគ្គលិក៣នាក់ និងអ្នកលេង៣នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើនទៀត ។
មន្ត្រីនគរបាលខេត្តកណ្តាលបានឱ្យដឹងថា អ្នកពាក់ព័ន្ធ៦នាក់ ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ ប្រាក់ បុងហ៊ុយភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក), ទី២-ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ(បុគ្គលិក), ទី៣-ឈ្មោះ គាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល(បុគ្គលិក), ទី៤-ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង), ទី៥-ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង) និងទី៦-ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង) ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការដកហូតនូវត្ថុតាងរួមមាន៖ ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង, កំព្យូទ័រ០៦គ្រឿង, ម៉ូតូ ០៦គ្រឿង, លុយ ១.៧០០.០០០៛ និង១៣៣$ , ម៉ាស៊ីនគិតលេខ០៣គ្រឿង ៦.កៅអីបត់០៣,កៅអីខ្ពស់០៥, តុ០៣, ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង, រ៉ូល បាល់០៤ដុំធំៗ, ធុងហិបឆ្នោត០១, សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ, ត្រាផេរ ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែតនិងចាក់កេណូ KENO មានន័យថា៖ ចាក់ស៊ីសងភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា, ១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណនិងពីរ, ២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ , ៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅសង ២០០ដុល្លារ, ៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរស័ព្ទiPhone ចំនួន០១គ្រឿង, ៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន០១គ្រឿង ។
បច្ចុប្បន្ន អ្នកពាក់ព័ន្ធ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនិតិវិធី ៕