បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០នាទី បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរសាធាតុញៀនខុសច្បាប់ ក្រោមការដាក់វិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ នៅចំណុចស្ពានតាផាន់ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរិសោភ័ណ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានបញ្ជាក់ថា ÷ ដោយទទួលបានវិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ឡាយ ទិត្យសីហា ភេទ ប្រុស អាយុ ២៨ឆ្នាំ (ម្ចាស់ថ្នាំ)
រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងខេត្តបាត់ដំបង ២.ឈ្មោះ ឌឿម មីនា ភេទ ប្រុស អាយុ២២ឆ្នាំ (ម្ចាស់រថយន្ត) រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន ÷ -កេតាមីនចំនួន ២៥០ដប -មេតំហ្វេតាមីនទឹកកកចំនួន ២កូនថង់តូច ស្មើ ៥,២៨ក្រាម -ទូរស័ព្ទដៃចំនួន ០៤គ្រឿង -អត្តសញ្ញាណប័ណ្ណ១សន្លឹក -ប័ណ្ណបើកបរ ១សន្លឹក -កាតគ្រីរថយន្ត ១សន្លឹក -ប័ណ្ណធនាគារ ១សន្លឹក។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តថា ÷ ក្រោយពីធ្វើការស្រាវជ្រាវទទួលបានមុខសញ្ញា ជនសង្ស័យខាងលើហាក់បានដឹងខ្លួន ហើយបើករថយន្តម៉ាកកាមេរីបាឡែន ពណ៌ស្ករ ពាក់ស្លាក់លេខបន្ទាយមានជ័យ 2A.4432 គេចពីការតាមរបស់សមត្ថកិច្ច តាមបណ្តោយផ្លូវជាតិលេខ៥ ពេលនោះកម្លាំងយើងក៏បានដេញតាមពីក្រោយ រហូតដល់ចំណុចស្ពានតាផាន់ ទើបកម្លាំងយើងអាចឃាត់បាន និងធ្វើការឆែកឆេរនៅនឹងកន្លែង រួចបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនកម្លាំងជំនាញចាត់ការបន្តតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕