ភ្នំពេញ ៖ សមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស សម្តេចតេជោ ទួលក្រសាំង ក្នុងក្រុងតាខ្មៅ មានដូចជាអគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ ព្រមទាំងមធ្យោបាយ សំភារៈផ្សេងៗជាច្រើនទៀត សម្រាប់បំរើដល់ការការពារ សុវត្តិភាពជូនថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ នាព្រឹកថ្ងៃទី២១ ខែមិថុនានេះ ក្រោមវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផល ដែលចំណាយថវិកាសាងសង់អស់ជាង៤លានដុល្លារអាមេរិកនិងត្រូវដាក់សម្ពោធអោយប្រើប្រាស់នេះ គឺបានមកពីការចូលរួមរបស់សប្បុរសជននានា ទាំងក្នុង និង ក្រៅប្រទេស ដើម្បីកសាងសមិទ្ធផលទាំងនេះ បានសក្តិសម ជាបន្ទាយសុវត្ថិភាពរបស់បញ្ជាការដ្ឋានអង្គរក្ស។
តាមការថ្លែងបញ្ជាក់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សសម្តេចតេជោ បានឱ្យដឹងថា ទីតាំងអគារស្នាក់នៅថ្មីរបស់កងអង្គរក្សនេះ ជាអតីតតំបន់បឹងដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ ដើម្បីបំពេញតាមសំណូមពររបស់កងអង្គរក្ស មានកន្លែងស្នាក់នៅបានល្អប្រសើរ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា តួនាទីរបស់បញ្ជាការដ្ឋានអង្គរក្ស គឺមានភារកិច្ចការពាររក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅនឹងកន្លែង ក៏ដូចជានៅគ្រប់បណ្តាគោលដៅ ដោយមានកិច្ចសហប្រតិបត្តិការជាមួយ សមត្ថកិច្ចគ្រប់ផ្នែក៕