ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចគឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលកើតឡើងដោយសារភាគីម្ខាងទៀតបើកបរដោយខ្វះការប្រុងប្រយ័ត្នផ្ទុកមនុស្សលើចំណុះនិងមានល្បឿនហួសកំណត់។
ក្នុងសន្និសីទសារព័ត៌មាននៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែមិថុនាឆ្នាំ២០១៨នេះឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក៏បានប្រកាសបដិសេធចោលទាំងស្រុងចំពោះព័ត៌មានទាំងឡាយណាដែលបានលើកឡើងថាករណីនេះមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលព័ត៌មាននេះផ្ទុយស្រឡះពីការពិតនិងការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីសមត្ថកិច្ចជំនាញ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «លទ្ធផលនៃការស៊ើបអង្កេតដូចដែលបានបង្ហាញជូននេះ គឺជាគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធហើយអគ្គស្នងការដ្ឋាននគរបាលជាតិសូមបដិសេធទៅលើព័ត៌មានទាំងឡាយណាដែលលើកឡើងមិនត្រឹមត្រូវតាមការស៊ើបអង្កេតនេះ។
បើតាមអគ្គស្នងការរងនគរបាលជាតិរូបនេះករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើយដោយរថយន្ដ Highlander ជាប្រភេទរថយន្ដឈ្នួលធ្វើដំណើរពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ។
រថយន្ដបង្កនោះ បានផ្ទុកមនុស្សលើសចំណុះហើយបើកបរក្នុងល្បឿនយ៉ាងលឿនលើសកំណត់(១០០គីឡូម៉ែត្រក្នុង១ម៉ោង)ដែលនាំអោយមានការពិបាកក្នុងការបញ្ជាយានយន្ដ។
ឯកឧត្តមនាយឧត្តមសេនីយ៍បានរៀបរាប់ថាបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅមុនពេលកើតហេតុ រថយន្ដបង្កបានឡើងវ៉ារថយន្ដមួយគ្រឿងម៉ាក Lexus RX300 ស្រាប់តែពេលកំពុងឡើងវ៉ានោះក៏ពើបប្រទះនឹងរថយន្ដក្បូនរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ដែលកំពុងតែបើកច្រាសទិសគ្នាហើយអ្នកបើកបររថយន្ដបង្កបានបន្ថែមល្បឿនដើម្បីវ៉ាអោយផុតហើយគេចចូលមកខាងស្ដាំដៃវិញ ។
ពេលនោះរថយន្ដបានគេចជ្រុលមកខាងស្ដាំបណ្ដាលអោយធ្លាក់ផ្លូវមួយចំហៀងហើយអ្នកបើករថយន្ដក៏បួងចង្កូតមកខាងឆ្វេងវិញស្រាប់តែព្រះទីនាំងរបស់សម្ដេចក្រុមព្រះមកដល់ក៏បុកពេញទំហឹងតែម្ដង ។
យ៉ាងណាមិញចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ លោក ប្លុង វិសាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានសម្រេចឃុំខ្លួនអ្នកបើកបររថយន្តតាក់ស៊ី ឈ្មោះ ម៉ិល សារ៉េត អាយុ៣៤ឆ្នាំ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បើកបុកព្រះទីនាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិបណ្តាលអោយទ្រង់រងរបួសធ្ងន់និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ។
តុលាការបានសម្រេចចោទប្រកាន់ អ្នកបើកបររថយន្ដតាក់ស៊ី ពីបទបើកបរធ្វេសប្រហែស បណ្តាលរបួសនិងស្លាប់អ្នកដទៃ។
សូមបញ្ជាក់ថាអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ខែមិថុនាឆ្នាំ២០១៨។ សពអ្នកម្នាង ត្រូវបានរៀបចំពិធីបូជារួចរាល់ហើយកាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅនេះ ខណៈដែលសម្តេចក្រុមព្រះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាទីក្រុងបាងកក ដោយមិនបានទទួលដំណឹងនៃមរណភាពនេះទេ៕