អាជ្ញាធរ​ក្រុងភ្នំពេញ ជំ​រុញឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម បង្កើន​លទ្ធភាព​ការងារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

 

​ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ មន្ត្រី​ពាក់ព័ន្ធ ភ្នាក់ងារ​ប្រមូល​សំអាត​សំរាម និង​អាជ្ញាធរ​សង្កាត់ ខ័​ណ្ឌ ទាំងអស់​មក​ប្រជុំ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ដើម្បី​ពង្រឹង​លើ​ការងារ​ប្រមូល​សំរាម នៅតាម​បណ្តារ​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ឱ្យមាន​បរិស្ថាន​ល្អ ធានាបាន​ថា រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព ស្អាត​ល្អ សក្តិសម​ជាទី​ក្រុង​ទាន់សម័យ​នៅ​អាស៊ីអាគ្នេយ៍​។​

​នាឱកាស​នោះ លោក ឃួ​ង ស្រេង​បាន​ជម្រុញ​ឱ្យ​ភ្នាក់ងារ​ប្រមូល​សំរាម ថ្នាក់ដឹកនាំ សង្កាត់ ខណ្ឌ ទាំងអស់ យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​ការពង្រឹង​ការងារ​ប្រមូល​សំរាម​ឱ្យបាន​គ្រប់​ទីកន្លែង នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង តាមរយៈ​ការ​តាមមើល​ជាប្រចាំ ថា​តើ​នៅ​ទីតាំង​ណា មាន​សំរាម​គរ​ចោល ដែល​ក្រុមហ៊ុន​ស៊ិន​ទ្រី មិនបាន​ទៅ​ដឹកជញ្ជូន ហើយ​រាយការណ៍​តាម​រចនាសម្ព័ន្ធ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាត់ការ​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យទៅ​ប្រមូល​សំរាម​ទាំងនោះ​ឱ្យបាន​ទាន់ពេលវេលា ចៀល​វៀង​ទុក​សំរាម​ឱ្យនៅ​គរ​ចោល​ស្អុយរលួយ ធ្វើឱ្យប៉ះពាល់​បរិស្ថាន អនាម័យ និង​សោ​ភណ្ឌ​ភាព ក្នុង​រាជធានី​ភ្នំពេញ ដែលជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។​

​លោក អភិបាល បានលើកឡើង​ទៀតថា រដ្ឋបាល​រាជធានី នឹងធ្វើ​ឡ​ដុត​សំរាម នៅតាម​តំបន់​ជាយក្រុង​មួយចំនួន ពិសេស​ទីតាំង​ណា ដែល​រថយន្ត​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី ទៅ​មិន​ដល់ ដើម្បី​កុំឱ្យ​មាន​សំរាម​រាយប៉ាយ និង​គរ​ចោល​កាន់តែ​ច្រើនឡើងៗ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម ឃួ​ង ស្រេង​បានស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន យកចិត្តទុកដាក់ នឹង​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​បង្ករ​ឱ្យមាន​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​សុខភាព សោ​ភណ្ឌ​ភាព​ក្នុង​រាជធានី​ភ្នំពេញ​។​

ទន្ទឹមគ្នា​នោះដែរ លោក បាន​មើលឃើញថា ការដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈខុស​បច្ចេក​ទេស ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើងវិញ គឺ​កាត់​ឱ្យមាន​ចន្លោះ​ខាងក្រោម​ឱ្យបាន​ធំ​ជាង​នេះ ដើម្បីឱ្យ​ទឹក​អាច​ហូរ​ចេញចូល​នាំយក​សំរាម និង​ដី​ចេញពី​ទ្រូងផ្លូវ​កុំឱ្យ​ទៅ​កក​នៅ​កណ្តាល​ទ្រូងផ្លូវ​តទៅទៀត​។ ក្រៅពីនេះ ក៏បាន​ស្នើឱ្យ អាជ្ញាធរ​សង្កាត់ ខណ្ឌ សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ិន​ទ្រី មាន​យុទ្ធនាការ បោស​កើប ឬ​ប្រមូល​ដី និង​ខ្សាច់​ទាំងនោះ​ចេញ​ឱ្យបាន​ជាប្រចាំ​។​

ទាក់ទិន​នឹង​ការរំលោភ​យក​ចិញ្ចើមផ្លូវ​ធ្វើ​អាជីវកម្ម របស់​ប្រជាជន​ពលរដ្ឋ​វិញ ក៏ត្រូវ​តែមាន​វិធាន​ជាប្រចាំ​ផងដែរ កុំ​គិតថា ការធ្វើ​រដ្ឋបាល​តាម​មូលដ្ឋាន វា​នាំឱ្យមាន​ផលប៉ះពាល់ ឬ ដោ​ន​ភាព​ដល់ ការបោះឆ្នោត ត្រូវ​រួមគ្នា​គិតពី​បញ្ហា​សោ​ភណ្ឌ​ភាព និង​សណ្តាប់​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ជា​រឿង​សំខាន់​សំរាប់​យើងទាំងអស់គ្នា​៕​