លោក ថោង សារ៉ាត់ គ្រោង​ស្នើ​តុលាការ​ឲ្យ​ហៅ​អ្នក​ដែល​ចោទ​រូប លោក​ជា​មេក្លោង​បង្ហាញ​ភស្តុតាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 April, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖លោក ថោង សារ៉ាត់ ដែល​កំពុង​ជាប់ឃុំ​ពីបទ​ចោទប្រកាន់​ផ្ដួច​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​គ្រោង​ស្នើសុំ​ឲ្យ​តុលា​ការកោះហៅ​អ្នក​ដែល​ឆ្លើយ​ដាក់​រូបលោក​ថា​ជា​អ្នក នៅ​ពីក្រោយ​ការសម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ទល់មុខ​គ្នា និង​បង្ហាញ​ភស្តុតាង​ក្នុង​សវនាការ ។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថោង សារ៉ាត់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ជួប​កូនក្ដី​របស់លោក​នៅក្នុង​ពន្ធនាគារ ហើយ​លោក​ថោង សារ៉ាត់ បាន​ប្រាប់​ឲ្យ​លោក​ស្នើ​ទៅ​តុលាការ​សុំ​ឲ្យ​កោះហៅ​អ្នក​ដែល​បាន​ចោទប្រកាន់ រូបលោក​ឲ្យ​ចូលមក​បំភ្លឺ​តទល់​ជាមួយ​លោក​នៅក្នុង​សវនាការ និង​បង្ហាញ​ភស្តុតាង​ជាក់លាក់​ដែល​បាន​ឆ្លើយ​ដាក់​រូបលោក ។ ទោះយ៉ាងណា លោក​មេធាវី​បាន​អះអាងថា លោក​ពុំទាន់​បាន​កំណត់ពេល​ច្បាស់លាស់​ដើម្បី​ស្នើ​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ​ទេ ។​

យោងតាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ឃាតកម្ម​គិតទុក​ជាមុន គឺ​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​គិតទុក​ជាមុន ឬ​ដោយ​ការ​ពួនស្ទាក់​។ ឃាតកម្ម​គិតទុក​ជាមុន ត្រូវ​ផ្ទ​ន្ទា​ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ។​

​គួររំលឹកថា លោក ថោង សារ៉ាត់ ត្រូវបាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ ដោយ​ចោទប្រកាន់​ពីបទ​ផ្តើមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន។ តាម​មាត្រា​២៨​និង​២០០ នៃ​ក្រមព្រហ្មទណ្ឌ បើសិនជា​តុលាការ​រកឃើញ​ដូច​ការចោទប្រកាន់​មែន​នោះ លោក ថោង សារ៉ាត់ អាច​ប្រឈមមុខ​នឹង​ការជាប់​ព​ន្ឋ​នាគារ​អស់​មួយជីវិត​។​ឃាតកម្ម​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាល​វេលា​ម៉ោងជាង ៧ យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅមុខ​ហាង​លក់​ផ្លែឈើ​មួយកន្លែង​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន តុលាការ​ដាក់បន្ទុក​លើ​លោក ថោង សារ៉ាត់ ពាក់​ព័​ន្ឋ​នឹង​ការបញ្ជា​ឲ្យ​អង្គរក្ស​របស់ខ្លួន​បាញ់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ៕

១១Pheak-000334