ភ្នំពេញ ៖ មន្ត្រីនគរបាលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ បានចុះមកបិទដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅមុខអតីតទីស្នាក់ការនៃអតីតគណបក្សសង្គ្រោះជាតិ អញ្ជើញលោកសម រង្ស៊ី ចូលខ្លួនតាមដីកាកោះហៅរបស់តុលាការ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ពាក់ព័ន្ធករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ។
គួររំលឹក ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្ដមអង្គ វង្ស វឌ្ឍនាបានធ្វើអធិបញ្ជាឲ្យតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ចំពោះលោកសម រង្ស៊ី ដែលប្រមាថព្រះមហាក្សត្រ រឿងព្រះរាជសារក្លែងក្លាយ។
វិធានការរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងស្របពេលមានការទាមទារឲ្យតុលាការកម្ពុជា ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ដែលបានប្រមាថ ថា ព្រះរាជសារព្រះមហាក្សត្រជាទីសក្ការៈបំផុត ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះគឺជាព្រះរាជ សារក្លែងក្លាយ និងគ្មានតំលៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាស ថា ព្រះរាជសារនោះជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ៕