កណ្តាល ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួន កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីពួកគេទាំងពីរនាក់ផ្សុំគំនិតគ្នា ដោយម្នាក់ជាអ្នកឡើង ដើម កំពីងរាជ មើលផ្លូវ និងម្នាក់ទៀតលបចូលក្នុងផ្ទះអ្នកស្រុក យកដុំថ្មវាយកញ្ចក់ទូរបែក រួចរើកកាយ បំណងលួចយកទ្រព្យសម្បត្តិ តែមិនបានសម្រេច ដោយសារត្រូវស្ត្រីជាម្ចាស់ផ្ទះឃើញទាន់ ។ អំពើ ប៉ុនប៉ងលួចទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង ជាង៨ព្រឹក ថ្ងៃ១០ ខែមិថុនា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ នៅចំណុចភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្ភស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជន សង្ស័យ ដែលត្រូវឃាត់ខ្លួន ទី១- ឈ្មោះ ជួន ពន្លឺ ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករ នៅ ភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះនាង ដួងតារាហៅដួង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិក្តាន់រយ ឃុំ ដំណាក់ អំពិល ស្រុអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ ឈ្មោះ ពៅ វតី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
យោងតាមសម្តីស្ត្រីម្ចាស់ផ្ទះរងគ្រោះ បានរៀបរាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ (ជនរងគ្រោះ) កំពុងនៅក្នុងបន្ទប់ទឹក ពេលចេញពីបន្ទប់ទឹកវិញស្រាប់តែឮសូរគ្រាំងនៅខាងលើផ្ទះ ដោយមានការសង្ស័យ គាត់ក៏ពរចៅដើរឡើងទៅលើផ្ទះស្រាប់តែ ឃើញជនសង្ស័យ នាង ដួងតារា ហៅដួង នេះកំពុងនៅលើផ្ទះ ធ្វើសកម្មភាពរើកកកាយ ក្នុងទូ។ ឃើញដូច្នេះគាត់ក៏ទាញទ្វារបិត ហើយជនសង្ស័យទាញទ្វារបើកទាញចុះទាញឡើងជាមួយគ្នា ខណៈនោះ ជនសង្ស័យបានយក អំបែងកញ្ចក់ចាក់ទៅលើរូបគាត់ បណ្តាលឱ្យមុតខ្នងដៃបន្តិច ហើយជនសង្ស័យរត់តាម ជណ្តើរចុះ គេចខ្លួនបាត់។
ស្ត្រីដដែលបន្ថែមថា ពេលគាត់ចុះពីលើផ្ទះ ក៏ជួបឈ្មោះ ជួន ពន្លឺ កំពុងចុះពីក្រោមដើម កំពីងរាជ ហើយរត់គេចខ្លួនបាត់ ។ ក្រោយមក រូបគាត់ (ស្ត្រីរងគ្រោះ) ក៏បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាននគរបាលដំណាក់អំពិលឱ្យ ។ ក្រោយទទួលបានពាក្យបណ្តឹង នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដើម្បីធ្វើការសាកសួរចម្លើយ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នាង ដួងតារាហៅដួងបានឆ្លើយសារភាពថា ៖ ខ្លួនគេ បានឡើងផ្ទះស្ត្រីរងគ្រោះ ធ្វើសកម្មភាពយកដុំថ្មវាយកញ្ចក់ទូរបែកហើយ បានរើរកអីវ៉ាន់ ត្រូវម្ចាស់ ផ្ទះមកទាន់ក៏រត់គេចតែម្តង។ រីឯជនសង្ស័យ ជួន ពន្លឺបានសារភាពថា៖ ខ្លួនជាអ្នកឡើងដើម កំពីង រាជ ដើម្បីមើលផ្លូវឲ្យឈ្មោះនាង ដួងតារា ហៅដួងដើម្បីធ្វើសកម្មភាពចូលលួច ហើយកន្លងមក ខ្លួន ធ្លាប់លួចលុយលោកវត្តដំណាក់អំពិល(លុយក្នុងហិបមុខព្រះបដិមា)សម្រាប់ទុកកសាងបាន ប្រហែល ១០ដង ទៀតផង ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុក អង្គស្នួល កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្តាលរួចរាល់ហើយ ៕