ភ្នំពេញ ៖ សាលាមធ្យមសិក្សាបច្ចេកទេសហ្ស៊ីវ៉េសេទទួលបានការវាយតម្លៃគុណភាពកម្រិតល្អបង្គួរ ពីនាយកដ្ឋានគុណភាព នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបានវិញ្ញាបនបត្រ ISO 9001-2015 ពីក្រុមហ៊ុន GIC ដែលជាក្រុមហ៊ុនវាយតម្លៃមួយ មានការទទួលស្គាល់ លំដាប់ ថ្នាក់អន្តរជាតិ មានទីស្នាក់ការនៅប្រទេសសិង្ហបូរី។
នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 9001-2015 កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា នេះ ឯកឧត្តម ស៊ឹម សូរិន ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជានាយកសាលាមធ្យមសិក្សា បច្ចេកទេស JVCបានមានប្រសាសន៍ឱ្យដឹងថា សាលានេះ បាន វិវត្តន៍ខ្លួន ពីមជ្ឈមណ្ឌលបណ្តុះ បណ្តាលបច្ចេកទេស JVC មកជា សាលាមធ្យមបច្ចេកទេស JVC ហើយមានការឧបត្ថម្ភគាំទ្រ ពីអង្គការស្ម័គ្រចិត្ត ជនជាតិជប៉ុន និងរាជរដ្ឋាភិបាលជប៉ុន ទាំងអគារ ឧបករណ៍សម្ភារៈ ដែលបំពាក់ក្នុងសាលានិងរោងជាង សម្រាប់ធ្វើការបណ្តុះបណ្តាលទៅលើជំនាញ បច្ចេកទេសជួសជុលរថយន្ត ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ។
លោកបញ្ជាក់ថា សាលាមធ្យមបច្ចេកទេស JVC មានទីតាំងនៅផ្លូវលេខ៦អា ភូមិដើមគរ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាលាបានដំណើរការបណ្តុះបណ្តាលជំនាញ បច្ចេកទេសជាច្រើនដូចជា៖ កម្រិតសញ្ញាបត្រ ជាន់ ខ្ពស់បច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ និង កម្មវិធី ស្ពាន ចម្លងបន្តជំនាញជាដើម។
នាឱកាសពិធីប្រគល់វិញ្ញាបនបត្រ អាយ អេស អូ នេះ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា ស្ថិតក្នុងបរិបទសកល ភាវូបនីយ៍កម្ម ប្រទេសមានការរីកចំរើនលូតលាស់ឥតឈប់ឈរ និងមានការប្រកួតប្រជែង ដើម្បី ស្វែងរកឧត្តមភាព គុណភាពផលិតផល និងសេវាកម្មឱ្យមានកម្រិតអប្បរមា ជាពិសេស ការ កសាងកម្លាំងពលកម្ម ឱ្យមានសមត្ថភាព នឹងលទ្ធភាពប្រើប្រាស់បច្ចេកទេសគ្រប់កម្រិត ដើម្បី ឈានទៅសម្រេចគោលដៅកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម ប្រកបដោយចិរភាព។
ឯកឧត្តម បន្តថា ការអប់រំបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជិវៈ គឺជាកត្តាដែល មិន អាចខ្វះបាន ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម និងជម្រុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេក ទេស ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយជាពលករជំនាញ អ្នកបច្ចេកទេស ក្នុងការបង្កើនធនធាន មនុស្សសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ស្របពេលដែលប្រទេស កំពុងមានសុខសន្តិភាព និងស្ថេរភាពនយោបាយដ៏ពិតប្រាកដ។
ឯកឧត្តមបញ្ជាក់ថា តាមរយៈការប្រគល់វិញ្ញបនបត្រនៅពេលនេះ គឺជាម៉ែត្រវាស់មួយ ក្នុង ការ កំណត់នូវបទដ្ឋាន នៃការដឹកនាំរបស់គណៈគ្រប់គ្រង និងគុណភាពនៃការអប់រំ បច្ចេកទេស ជំនាញ និងការវិវត្តរបស់សាលាមួយនេះ ប្រកបដោយការទទួលខុសត្រូវ និងមានការកែលំអ បំពេញ បន្ថែម។ ក្រៅពីនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្នុងការបំពេញ ការងារ និងការជម្រុញលើកកម្ពស់ការអប់រំនៅកម្ពុជា ដើម្បីឆ្លើយតបនឹង តម្រូវការចាំបាច់ នូវកម្លាំង ពលកម្ម ដែលមានជំនាញ ក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ននេះផងដែរ៕