ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយការដាក់ឱ្យប្រើប្រាស់ ផែនការមេ លើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០២២ សំដៅពង្រឹងប្រព័ន្ធ គ្រប់គ្រង សុខភាព និងសុវត្ថិភាព ការងារថ្នាក់ជាតិថ្នាក់ខេត្ត និងថ្នាក់សហគ្រាសគ្រឹះស្ថាន ឱ្យកាន់ តែមានប្រសិទ្ធភាព។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកថា ដោយអនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនៅក្នុងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលក្នុងនោះផ្តល់ការពង្រឹងប្រព័ន្ធអនាម័យ និងសុវត្ថិភាពការងារ គឺជា សកម្មភាពអាទិភាពមួយដែលក្រសួងត្រូវយកចិត្តទុកដាក់ដើម្បីធានាដល់ការអភិវឌ្ឍលក្ខខណ្ឌការងារនិងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។
កន្លងទៅនេះ ក្រសួងបានខិតខំអនុវត្តនូវអ្វីដែលបានដាក់ចេញយ៉ាងមានប្រសិទ្ធភាពខ្ពស់ ដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ក្នុងនោះបានរៀបចំគោល នយោបាយស្តីពីសុខភាព និងសុវត្ថិភាពការងារ, បង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ការងារ, សេចក្តីព្រាង បញ្ជី ឈ្មោះជំងឺវិជ្ជាជីវៈ ដោយយោងតាមបញ្ជីឈ្មោះជំងឺវិជ្ជាជីវៈ របស់អង្គអន្តរជាតិ ខាងការងារ, រៀបចំនិងធ្វើ បច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្តបន្ថែម, បន្តយុទ្ធនាការបង្ការមេរោគអេដស៍ និង ជំងឺអេដស៍នៅ កន្លែងធ្វើការ, ពង្រឹងការចូលរួម និងការលើកទឹកចិត្ត ក្នុងការការពារ សុខភាព និងសុវត្ថិភាពការងារពី សំណាក់ម្ចាស់សហគ្រាស គ្រឹះស្ថាន អង្គការ កម្មករនិយោជិត, ពង្រីកការ ការពារសុខភាព និងសុវត្ថិភាព ការងារដល់ សហគ្រាសខ្នាតតូច និងមធ្យម ការជម្រុញការរៀប ចំសេវាពេទ្យ នៅតាមសហគ្រាស គ្រឹះស្ថាន, គម្រោងបង្កើតមន្ទីរពិសោធន៍ សុខភាព និងសុវត្ថិភាព ការងារ នាពេលខាងមុខ ដើម្បីពង្រឹង ប្រព័ន្ធសុខភាព និងសុវត្ថិភាពថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និង ថ្នាក់សហគ្រាស គ្រឹះស្ថាន ដែលជា កម្លាំងជម្រុញដ៏សំខាន់ក្នុង ការកសាងវប្បធម៌ សុខភាព និង សុវត្ថិភាពការងារនៅ កន្លែងធ្វើការ។
លោកឡេងតុងប្រធាននាយកដ្ឋានពេទ្យការងារ ថា ផែនការមេលើកទី២ ស្តីពីសុខ ភាព និងសុវត្ថិភាពការងារឆ្នាំ២០១៨-២០ នេះ ត្រូវបានកំណត់យកសកម្មភាព អាទិភាពចំនួន៦ ចំណុច ដើម្បីពង្រឹងនិងកែលម្អប្រព័ន្ធគ្រប់គ្រងសុខភាពនិងសុវត្ថិភាពការងារឱ្យកាន់តែមានប្រសើរឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងការរីកចម្រើនផ្នែកឧស្សាហកម្មនិងសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសកម្ពុជា៕