កំពង់ចាម ៖ ប្រទេសជាតិមួយកាន់តែរីកចំរើន គឺកាន់តែត្រូវការនូវធនធានខាងខួរក្បាល ពោលគឺធនធាន មនុស្សដែលបានទទួលនូវការបណ្តុះបណ្តាលប្រកបដោយសមត្ថភាព ទើបអាចប្រើប្រាស់ក្នុងការអភិវឌ្ឍ ជាតិប្រកបដោយប្រសិទ្ធភាព ដូច្នេះសូមអោយយុវជនខិតខំសិក្សារៀនសូត្រអោយទទួលបានចំណេះដឹង ខ្ពង់ខ្ពស់ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងការដឹកនាំ និងកសាងជាតិនាថ្ងៃអនាគត។
នេះ ជាសំណូមពររបស់លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលកំពង់ចាមលើកឡើងក្នុងពិធីសម្ពោធដាក់ អោយប្រើប្រាស់អគារសិក្សា ១ខ្នង ៣បន្ទប់តម្លៃជាង ៣ម៉ឺនដុល្លារអាមេរិក ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម និងលោកជំទាវនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល វីឌូ ស្ថិតក្នុងភូមិថ្មី ឃុំពពេល ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី ២៣ ខែមិថុនា នេះ។
លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ពិត ធនធានមនុស្សសម្រាប់កសាងសេដ្ឋកិច្ច និងសង្គម កម្ពុជា គឺត្រូវបានកាប់សម្លាប់ស្ទើរគ្មានសល់ដោយរបបអាវខ្មៅ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
នៅក្រោយថ្ងៃ រំដោះ ៧ មករា ១៩៧៩ កម្ពុជាបានខិតខំស្តារឡើងវិញនូវវិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធាន មនុស្ស ហើយជាបន្តបន្ទាប់យើងសម្រេចបាននូវគោលដៅនៃការបណ្តុះបណ្តាលនេះ ដោយក្នុង១ឆ្នាំៗ យើងមាននិស្សិតរាប់ពាន់នាក់បានបញ្ចប់ការសិក្សាទាំងក្នុង និងក្រៅប្រទេស ដែលពួកគេបានក្លាយទៅជា ធនធានខួរក្បាលដ៏មានសារៈសំខាន់ ហើយបាន និងកំពុងរួមចំណែក្នុងការអភិវឌ្ឍប្រទេសជាតិអោយ ទទួលបានការរីកចំរើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។
ដោយឡែកទាក់ទងទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណិត្តិទី៦ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះលោក កែវ ពិសិដ្ឋ មានប្រសាសន៍ថា ជាការបោះឆ្នោតដោយសេរីស្រប តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដោយការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន ២០បានចូលរួមប្រកួតប្រជែងក្នុងការដណ្តើមកៅអីរបស់រដ្ឋសភាចំនួន ១២៥នៅតាមបណ្ឌលរាជធានី ខេត្តទាំង ២៥នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានអំពាវនាវអោយបងប្អូនដែលមានឈ្មោះបោះ ឆ្នោតទាំងអស់ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដោយបងប្អូនអាចបោះឆ្នោតជូនគណបក្សនយោបាយ ណាមួយដែលខ្លួនពេញចិត្ត ដែលការបោះឆ្នោតនេះជាការឆ្នោតដោយសំងាត់ គ្មាននរណាម្នាក់អាចដឹងថា បងប្អូនបានបោះអោយគណបក្សណាមួយឡើយ។
សូមជម្រាបជូនថា៖ ក្នុងពិធីនេះលោក កែវ ពិសិដ្ឋ ក៏បានដាក់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយ ក្រុមធ្វើការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕