ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់នាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ ថា កម្ពុជាកំពុងប្រឹងប្រែង ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាជាតំបន់ដែលពោរពេញដោយសន្តិភាព មិត្តភាព សហប្រតិបត្តិ ការ និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ នេះ ក្នុងឱកាសសម្តេចអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ តានឆៃយ៉ាន ស្រ៊ីសុវណ្ណ ចូល ជួបសម្តែងការគួរសម។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ អគ្គមេបញ្ជាការរងនៃកងយោធពលភូមិន្ទថៃ យ៉ាងលម្អិតថា កម្ពុជាមានយុទ្ធសាស្ត្រពីរ គឺទី១.ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធឲ្យទៅជាតំបន់ អភិវឌ្ឍន៍ និងទី២. ប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយគ្នានេះ កម្ពុជា ក៏បានខិតខំជំរុញការតភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ រវាង ប្រជាជន និងប្រជាជន ដើម្បីធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព ជាប្រចាំសម្រាប់ តំបន់ព្រំដែននៃប្រទេសទាំងពីរ។
ទាក់ទិននឹងវិស័យពាណិជ្ជកម្ម សម្តេចតេជោ បានជម្រុញឲ្យកងទ័ពនៃប្រទេស ទាំងពីរ សហ ការ គ្នាដើម្បីបន្តភាពជាដៃគូល្អ និងការពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។
ជាកាតឆ្លើយតប ឯកឧត្តម តាន់ ឆៃយ៉ាន ជម្រាបជូនសម្តេចតេជោ ថា ដំណើរទស្សនៈកិច្ច នេះ គឺដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ក្នុងនោះឯ.ឧ បានគោរពជម្រាប ជូនសម្តេចតេជោ អំពីជំនួបរវាងឯកឧត្តម ជាមួយនឹងសម្តេច ទៀ បាញ់ និងឯកឧត្តម ប៊ុល សារឿន ពាក់ព័ន្ធនឹងសកម្មភាព និងកិច្ចសហប្រតិបត្តិការ រវាងភាគីកម្ពុជានិងថៃ ដើម្បីពង្រឹងកិច្ចសហប្រតិ បត្តិការ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ផង និងទស្សនៈកិច្ច រវាងភាគីទាំងពីរផង។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បន្ថែមថា នៅពេលនេះ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរកម្ពុជា ថៃ បានកើនឡើងរហូតទៅដល់ជាង៦ពាន់លានដុល្លារហើយ ដូច្នេះ ភាគីទាំងពីរ និងកងយោធពល នៃប្រទេសទាំងពីរ ត្រូវរួមគ្នាការពារ និងយកចិត្តទុកដាក់គាំទ្រ ធ្វើយ៉ាងណាឲ្យទំនាក់ទំនងពាណិជ្ជកម្មនេះ មានរយៈពេលយូរអង្វែង៕