ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា នេះ បានចេញសេចក្តីជូនដំណឹងជា សាធារណៈដល់ប្រជាពលរដ្ឋ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើម្ចាស់ហ្វេសប៊ុកមួយ ឈ្មោះ «សុខភាពបៃតង» ដែលបានបង្ហោះផ្សព្វផ្សាយលក់ផលិតផលឱសថព្យាបាលជំងឺច្រើន ប្រភេទ ដែលមិនបានចុះបញ្ជិកាត្រឹមត្រូវ។
តាមសេចក្តីប្រកាសជូនដំណឹងជាផ្លូវការរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដើម្បីជៀសរៀងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់ អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់ ផលិតផលឱសថសម្រកទម្ងន់ ឱសថព្យាបាលជំងឺ សន្លាក់ និង ឱសថដទៃទៀត ពិសេស ឱសថសម្រកទម្ងន់ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺឈ្មោះ OSTO ដែលពុំបានត្រួតពិនិត្យ និងមិនចុះបញ្ជិកា តែបានផ្សព្វផ្សាយជាសាធរាណៈតាម រយៈ គណនីឈ្មោះ «សុខភាពបៃតង» ។
សេចក្តីប្រកាសដដែល ក្រសួងសុខាភិបាល បានកំហិតឱ្យម្ចាស់គណនេយ្យ ហ្វេសប៊ុក សុខភាពបៃតង ត្រូវបញ្ឈប់ជាបន្ទាន់ នូវការនាំចូល លក់ ចែកចាយ និងផ្សព្វផ្សាយ ពីឱសថសម្រកទម្ងន់ និងសន្លាក់ដែលមានឈ្មោះដូចខាងលើនេះ ។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះគណនីឈ្មោះ សុខភាពបៃតង ដែលបាននាំចូលផ្សព្វផ្សាយលក់ ឬចែកចាយឱសថសម្រកទម្ងន់ ឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺសន្លាក់ឈ្មោះOSTO ទៅតាមច្បាប់ស្ដីពីច្បាប់វិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រង ឱសថជាធរមាន ។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវផងដែរ ប្រសិនបើសាធារណជន បានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិតផលឈ្មោះ Caroline Capsule, Caroline Coffee និងឱសថព្យាបាលជំងឺសន្លាក់ឈ្មោះOSTO សូមផ្តល់ព័ត៌មានមកក្រសួងសុខាភិបាល ឬបើត្រូវការព័ត៌មានបន្ថែមពីករណីនេះ សូមទាក់ទងនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខាពេទ្យ និងគ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤៕