ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ប្រធានគ.ជ.ប ចក្រភពអង់គ្លេស និងតាមការចាត់តាំងរបស់ប្រធានគ.ជ.បកម្ពុជានោះ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស រយៈពេល១សប្ដាហ៍ ដើម្បីជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍ ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោត គ្រាដែលប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាចុងខែកក្កដាខាងមុខនេះ។
លោក ឌឹម សុវណ្ណារុំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីស្វែងយល់ និងដកស្រង់បទពិសោធន៍ល្អៗអំពីការបោះឆ្នោតនៅចក្រភពអង់គ្លេស។ អ្នកនាំពាក្យ គ.ជ.ប បន្ត ថា ការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចក្រភពអង់គ្លេស គឺសបញ្ជាក់ឲ្យឃើញ ថា ជាការបើកទំព័រថ្មីមួយទៀតសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយនៅអឺរ៉ុប ដែលមានបទពិសោធន៍តាំងពីបុរាណកាលក្នុងការរៀបចំការបោះឆ្នោត ហើយជាប្រទេសសមាជិកអចិន្ត្រៃយ៍ នៅក្នុងអង្គការសហប្រជាជាតិទៀតផង។
បើតាមលោក ឌឹម សុវណ្ណារុំ សកម្មភាពទាំងអស់នេះ គឺជាការខិតខំរបស់ គ.ជ.ប សំដៅធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព អាចឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតជឿទុកចិត្តបាន។
គួរកត់សម្គាល់ ថា ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូគ.ជ.ប កម្ពុជា ទៅកាន់ចក្រភពអង់គ្លេសដើម្បីជួបជាមួយប្រធាន គ.ជ.បនៃចក្រភពអង់គ្លេសនាពេលនេះ គ្រាដែលប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ ការបោះឆ្នោតថ្នាក់ជាតិអាណត្ដិទី៦នេះ មានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង៕