ភ្នំពេញ ៖ ស្ត្រីមេកន្ទុយលេខវ័យ៣៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌសែនសុខ បានមួយសន្ធុះ ក៏ឌុបដឹកនាំយកទៅដាក់កន្លែងដើមវិញ ហើយអនុញាតឲ្យអង្គុយបន្តកត់ឆ្នោតទៀតយ៉ាងរំភើយ។
ករណីឃាត់ខ្លួនស្ត្រីជាមេកត់កន្ទុយលេខខាងលើនេះ កើតឡើងនៅវេលារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅខាងក្រោយផ្សារដីហុយ ផ្ទះលេខ៦៣៨ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
មន្ត្រីប៉ូលីសខណ្ឌសែនសុខ មួយរូបបានប្រាប់ថា មេកន្ទុយលេខខាងលើនេះ បើកយូរហើយមិនដែលឃើញគេបង្ក្រាបទេ ទើបតែពេលនេះស្រាប់តែមានសមត្ថកិច្ចមកឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍បាត់មួយសន្ទុះស្រាប់តែឃើញសមត្ថកិច្ចដឹកយកមកវិញ ហើយស្ត្រីរូបនេះមកអង្គុយកត់ឆ្នោតយ៉ាងរំភើយដដែល មិនតែប៉ុណ្ណោះ ឮសមត្ថកិច្ចបង្ហើបថា គេបើកលេងស្របច្បាប់ទៅវិញ ដោយមានការអនុញាតិពីអធិការដ្ឋានខណ្ឌសែនសុខ និងក្រុងរួចហើយ បើកកន្លែងកត់ឆ្នោតវៀតណាម ។
តាមប្រជាពលរដ្ឋវិញ មានការងឿងឆ្ងល់ថា ស្ត្រីជាមេកត់ឆ្នោត ឈ្មោះ ម៉េង ពុទ្ធាវី អាយុ៣៣ឆ្នាំ បើកកន្លែងកត់ឆ្នោតនៅទីតាំងខាងលើ មានអ្នកអះអាងថា ប៉ូលីស អាជ្ញាធរ អនុញ្ញាតច្បាប់ អាជ្ញាប័ណ្ណឲ្យគាត់បើកទទួលកត់ឆ្នោតវៀតណាម ស្របច្បាប់ ចុះទីតាំងកត់កន្ទុយលេខផ្សេងៗទៀតនៅទូទាំងប្រទេស រាប់មិនអស់ ម្តេចបានសមត្ថកិច្ចថាអត់ច្បាប់ ហើយចាប់លែងៗ ឥតល្ហែទៅវិញ?។
យ៉ាងណាក៏ដោយ បញ្ហាមានច្បាប់ ឬអត់ច្បាប់របស់បនល្បែងកត់កន្ទុយលេខរបស់ស្ត្រី ម៉េង ពុទ្ធាវី នៅទីតាំងខាងលើនេះ មានតែលោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត ចៅហ្វាយខណ្ឌសែនសុខទេ ដែលដឹងច្បាស់ ម្យ៉ាងទៀត បើមេឆ្នោតខាងលើគ្មានខ្សែ មិនមែនចាប់ឃាត់ខ្លួននាំទៅដល់អធិការដ្ឋានខណ្ឌសែនសុខ បានតែមួយដង្ហើមចង្រឹត ហើយ ដោះលែងឲ្យមកអង្គុយកត់ឆ្នោតឡើងវិញដោយស្រួលៗបែបនេះទេ៕