ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណ២០ ខ្នងស្មើនឹង៣១គ្រួសារ ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ នៅភូមិក្បាលទំនប់ទី៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។ មូលហេតុនៃអគ្គិភ័យនេះ ពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ តែអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលមានវត្តមានតាំងពីអគ្គិភ័យឆាបឆេះរហូតដល់រលត់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា លំនៅឋានដែលឆាបឆេះ ជាលំនៅឋានសង់ជាប់គ្នា យ៉ាងរដឹកតែម្តង ។ ក្នុងហេតុការណ៍ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។
លោក បញ្ជាក់ថា ក្នុងហេតុការណ៍នេះ ឆាបឆេះអស់រយៈពេល១ម៉ោងដោយកម្លាំងប្រើប្រាស់ រថយន្ត ពន្លត់អគ្គិភ័យអស់២៧គ្រឿង ក្នុងនោះ៥គ្រឿង មកពីអាវុធហត្ថរាជធានីភ្នំពេញ និង២២ គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ អណ្តាតភ្លើងត្រូវរលត់សូន្យសុងទៅវិញ នៅវេលាម៉ោង៦៖២០នាទី ។
ក្នុងការចុះអន្តរាគមន៍ កម្លាំងជំនាញអគ្គិភ័យ មានការលំបាកខ្លាំង ព្រោះស្ថានភាពផ្លូវនៅតំបន់កើត ហេតុជាផ្លូវមានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យ ចូលទៅអន្តរាគមន៍បាញ់ ទឹកពន្លត់ ដូច្នេះហើយត្រូវប្រើពេលយូរ៕